(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីជំរុញដោះស្រាយផ្តល់ដីសម្បទានសង្គមជូនអតីតយុទ្ធជនក្រីក្រ និងគ្មានដីលំនៅដ្ឋាននៅទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កិច្ចប្រជុំខាងលើធ្វើបន្ទាប់ពីមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។ បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខទុក្ខរបស់អតីតយុទ្ធជន ជាពិសេសអតីតយុទ្ធជនដែលកំពុងមានជីវភាពក្រលំបាក និងខ្វះដីធ្លីសម្រាប់សង់លំនៅដ្ឋាន។

នាយឧត្តមសេនីយ៍អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានបន្ថែមថា «ឈរលើស្មារតីនៃការយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យរូបខ្ញុំ រួមជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ពិភាក្សាគ្នាពន្លឿនដោះស្រាយ និងផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់បងប្អូនអតីតយុទ្ធជន»

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា «កិច្ចប្រជុំនេះ យើងបានពិភាក្សា និងកំណត់ទីតាំងដីមួយចំនួនរួចហើយ ដើម្បីផ្តល់ជាដីសម្បទានសង្គមកិច្ចជូនទៅបងប្អូនអតីតយុទ្ធជនឲ្យពួកគាត់មានដីធ្លីសម្រាប់បង្កបង្កើនផល និងសាងសង់លំនៅដ្ឋាន»

បើតាមនាយឧត្តមសេនីយ៍ គន់ គីម បានឲ្យដឹងថា អតីតយុទ្ធជន រួមនិងមន្រ្តីរាជការចូលនិវត្តន៍ ដែលមានជីវភាពក្រីក្រ និងខ្វះដីសម្រាប់ សង់លំនៅដ្ឋានមានប្រមាណ ២០,០០០នាក់។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអំពាវនាវដល់អតីតយុទ្ធជន ក៏ដូចជាមន្រ្តីដែលទទួលបានដីសម្បទានសង្គមកិច្ច ត្រូវរក្សាទុកសម្រាប់បង្កបង្កើនផល និងចែកជូនកកូនចៅ ហើយមិនត្រូវលក់ដូរឲ្យអ្នកដទៃនោះឡើយ៕