(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកស្រី បានដឹកនាំក្រុមការងារបាន នាំយកអំណោយទៅ ចែកជូនដល់គ្រួសារក្រីក្រចំនួន១២គ្រួសារ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ។
លោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ និងដែលជានិច្ចកាលសម្តេចតែង បានគិតគូរអំពីការលំបាករបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋាន ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុក មេរោគអេដស៍ និងទុរគតជននានា។
លោក គង់ វិមាន បានថ្លែងថា សូមបងប្អូនប្រជាពលទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អ តាមរយៈការធ្វើអនាម័យការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីមានសុខភាពល្អ និងរស់នៅបានយូរអង្វែង ដើម្បីបន្តមើលការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិបន្តទៀតក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលខិតខំដឹកនាំប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានយកចិត្តទុកដាក់បញ្ហាជីវភាព ប្រជាពលរដ្ឋនៅតាមទីជនបទតាមរយៈកាកបាទក្រហមកម្ពុជា និងស្ថាប័នពាក់ព័ន្ធនានា។
លោក គង់ វិមាន បានប្តថា រដូវនេះជារដូវវស្សា សុំបងប្អូនប្រជាពរដ្ឋទាំងអស់តូ្រវធ្វើការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ចំពោះក្រុមគ្រួសារជាពិសេស មនុស្សចាស់ និងក្មេងតូចៗ ព្រោះថារដូវនេះមានខ្យល់ខ្លាំងៗ និងភ្លៀងធ្លាក់យ៉ាងហើយគ្រោះធម្មជាតិឆ្នាំនេះក៏កាច់ សាហាវជាងឆ្នាំណាៗ ទាំងអស់ ដោយហាមដាច់ខាតកុំជ្រកក្រោមដើមឈើ ពេលភ្លៀងធ្លាក់ត្រូវរកកន្លែងណាមានសុវត្ថិភាពដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារ មហន្តរាយធម្មជាតិ ដូចជារន្ទះបាញ់ ខ្យល់កន្តាក់រលំដើមឈើ។
លោក គង់ វិមាន បញ្ជាក់ថា មិនតែប៉ុណ្ណោះសូមបងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាពដោយហូបស្អាតផឹកស្អាតរស់នៅ ស្អាតចំពោះនារី ដែលមានផ្ទៃពោះ ត្រូវទៅរកសេវាសុខាភិបាលដើម្បីពិនិត្យសុខភាព ហើយត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់យ៉ាងហោចណាស់ឲ្យបាន៤ដង មុនសម្រាល និងទៅសម្រាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពណាដែលនៅជិតផ្ទះបំផុត បើសង្ស័យថាខ្លួនមានផ្ទុកមេរោគអេដស៍សូមទៅធ្វើ តេស្តឈាមដើម្បីទទួលយកថ្នាំពន្យាជីវិតពីគ្រូពេទ្យ និងពិធីទប់ស្កាត់ការឆ្លង មេរោគពីម្តាយទៅកូន។ ត្រូវគិតគូពីសុវត្ថិភាពតាមដងផ្លូវជៀសវាង គ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរត្រូវបើកបរ ក្នុងល្បឿនកំណត់បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ក្នុងនោះសាខាកាកបាទក្រហមខេត្ត បានចែកអំណោយជូនដល់ប្រជាពលរដ្ឋទាំង១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ សារ៉ុង១ ក្រមា១មុង១ ភួយ១៕