(ភ្នំពេញ)៖ បន្ទាប់ទទួលបានការណែនាំពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលចុងទីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ លោក គង់ វុទ្ធី អនុប្រធានកាំកុងត្រូល បានដឹកនាំមន្រ្តីកាំកុងត្រូលផែស្ងួត សហការជាមួយគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារអូឬស្សី ក្នុងខណ្ឌ៧មករា ដោយបានធ្វើតេស្តរកសារធាតុគីមីហាមឃាត់ទៅលើ យីហឺចំនួន០៧គំរូ និងបបែលងៀត ចំនួន០៨គំរូ។
លោក គង់ វុទ្ធី បានបញ្ជាក់ ថាក្នុងប្រតិបត្តិការចុះពិនិត្យនេះ ជាលទ្ធផលបានរកឃើញសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅក្នុងបបែលងៀត ត្រូវបានដកហូត មានទម្ងន់៦០,៩០គីឡូក្រាម ហើយបានហៅអាជីវករទៅធ្វើកិច្ចសន្យាបញ្ឈប់ការទទួលលក់ នៅផលិតផលដែលមានលាយគីមីបន្ថែម ហើយជំនាញធ្វើការស្រាវជ្រាវរកប្រភពនាំចូលបន្តតាមនិតីវិធី។
យ៉ាងណាមិញ លោកបានធ្វើការណែនាំដល់អាជីវករ និងសួររកប្រភពនាំចូលពីវៀតណាម ហើយបានផ្សព្វផ្សាយ អប់រំ ដល់អាជីវករ អ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថិភាពចំណីអាហារ។
ជាចុងក្រោយ មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕