(ភ្នំពេញ)៖ ពលករខ្មែរ ១៧នាក់ ដែលអាជ្ញាធរវៀតណាមឃាត់ខ្លួននៅលើវាដឹកប្រេងរបស់ប្រទេសថៃ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនោះ បានស្នើសុំអាជ្ញាធរកម្ពុជាឲ្យពួកគេបានបន្តការងារនៅលើនាវាដឹកប្រេង របស់ថៃបន្តទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។
លោក ជុំ សុន្ទរី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះថា កម្មករទាំង ១៧នាក់នោះ បានអះអាងថា ពួកគេធ្វើការដោយ ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ ឬ ធ្វើបាបពីថៅកែនាវាឡើយ ហើយថៅកែបានផ្តល់ប្រាក់ខែម្នាក់ៗ ចំនួន៩០០០បាត ជាទៀងទាត់ រៀងរាល់ខែ។ ការហូបចុក ស្នាក់នៅលើនាវា ពុំមានបញ្ហាឡើយ និងមានសុខភាពល្អ។
អ្នកនាំពាក្យរូបនេះបន្តថា តបតាមសំណូមពររបស់កម្មករទាំង ១៧នាក់ ដែលចង់បន្តធ្វើការងារលើនាវាដឹកប្រេងរបស់ថៃ ស្ថានអគ្គកុង ស៊ុល បានសហការជាមួយអាជ្ញាធរវៀតណាម បញ្ជូនកម្មករខ្មែរទាំងនោះត្រឡប់ទៅនាវាដឹកប្រេងរបស់ថៃវិញ ដោយបានផ្តល់លេខទូរស័ព្ទ សម្រាប់ទាក់ទងស្ថានទូតកម្ពុជានៅប្រទេសថៃ ដើម្បីធ្វើលិខិតឆ្លងដែន និងប័ណ្ណការងារស្រប ច្បាប់។ នាវាដឹកប្រេងទាំង ៣គ្រឿង រួមនឹងកម្មករ បានធ្វើដំណើរទៅប្រទេសថៃវិញ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧៕