(កោះកុង)៖ ដើម្បីអនុវត្តតាមបទបញ្ជារបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ​ស្វែងរកសារធាតុគីមីផលិតផល គ្រឿងផ្សំរស (ប្រេងខ្យង Oyster Sauce) ម៉ាក់​ Yuan's ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ សាខាកាំកុងត្រូលខេត្តកោះកុង បានចុះត្រួតពិនិត្យមើលរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់នៅតាមគេហដ្ឋាន និងក្នុងផ្សារដងទង់​។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក សម ចិត្រា អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយ​មន្រ្តីពាណិជ្ជកម្ម មន្រ្តីសាលាក្រុង និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត​ផង។

​លោក សម ចិត្រា អនុប្រធានប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះប្រតិបត្តិការធ្វើឡើងដោយផ្អែក ទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហានិភ័យ ត្រួតពិនិត្យជា លក្ខណៈរូបវ័ន្តសម្ធិផលម្ហូបអាហារ ត្រួតពិនិត្យទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ និងថ្ងៃខែឆ្នាំផលិត របស់ក្រុមហ៊ុននីមួយៗ ដែលធ្វើការ នាំចេញចែកនៅតាមទីផ្សារនានា។

​លោក សម ចិត្រា បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារ របស់លោកបានទទួលបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល ចុះធ្វើការត្រួតពិនិត្យ និងអនុវត្ត​ដើម្បីស្វែងរកវត្តមានសារធាតុគីមី Propyl.parohydrxdenzoatc នៅក្នុងគំរូផលិតផលគ្រឿងផ្សំរស (ប្រេងខ្យង Oyster Sauce) ម៉ាក Yuan's នៃកម្មវិធីអង្កេតឃ្លាំផលិតផលម្ហូបអាហារ ព្រោះសារធាតុគីមីនេះ គឺជាសារធាតុគីមីបន្ថែម ក្នុងម្ហូបអាហារវាមានមុខងារ ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង (Prescrvativc) និងហាមប្រើក្នុងផលិតផលម្ហូបអាហារ។

​ជុំវិញបញ្ហានេះ និងដើម្បីទប់ស្កាតគ្រោះថ្នាក់ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាយថាហេតុ អគ្គនាយកដ្ឋាន កាំកុងត្រូល សូមណែនាំដល់គ្រប់សាខាក្រោមឱវាទអនុវត្ត​វិធានការ ឲ្យបានម៉ឺងម៉ាត់ ដើម្បីសុវត្តិភាពសុខភាពប្រជាពលរដ្ឋ។

លោកបានបន្តថា ការចុះប្រតិបត្តិការ​របស់សាខាកាំកុងត្រូល ដើម្បីស្វែងរកសារធាតុគីមី តែក្រុមការងារពុំបានរកឃើញ ប្រេងខ្យង ម៉ាក Yuan's៕