(ឧត្តរមានជ័យ)៖ លោក កើត ស៊ីណាត អនុប្រធានសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះត្រួតពិនិត្យទំនិញលើទីផ្សារក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក កើត សុណាត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីប្រតិភូអគ្គនាយកកាំកុងត្រូល លើសុខភាពប្រជាពលរដ្ឋដែលមានផលប៉ះពាល់ ទៅលើម្ហូបអាអាហារ និងទំនិញខូចគុណភាពលើទីផ្សារ មន្ត្រីកាំកុងត្រូល តែងតែធ្វើសកម្មភាពចុះអង្កេតពិនិត្យ និងអប់រំដល់អាជីករតាមទីផ្សារ ជាបន្តបន្ទាប់ ជាពិសេសទីផ្សារតាមស្រុកជនបទដាច់ស្រយ៉ាល។
លោកបន្តថា ក្នុងសកម្មភាពត្រួតពិនិត្យខាងលើ ដកហូតបានទំនិញហួសកាលបរិច្ឆេទ និងទំនិញហាមឃាត់ខុសបច្ចេកទេស ហើយការចុះត្រួតពិនិត្យទំនិញ នៅផ្សាររង្វង់មូលថ្មី ក្នុងស្រុកអន្លង់វែង សំដៅស្វែងរកទំនិញខូចគុណភាព ពិសេសប្រេងខ្យងម៉ាក Yuan's ជាលទ្ធផលពុំឃើញមានទេ តែបានរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួន មានដូចជា ទឹកស៊ីអ៊ីវ ចំនួន១៣ដប, ទឹកម្ទេស ចំនួន១៦ដប និងប្រេងខ្យង ចំនួន៦ដប។
ទន្ទឹមនឹងនោះ មន្ដ្រីជំនាញក៏បានណែនាំបន្ថែម ឲ្យអាជីវករលក់តែទំនិញដែលមានគុណភាព និងចែកPoster អំពីសុវត្ថិភាពម្ហូបអាហារ ដោយការដាក់តាំងលក់ផលិតផលគ្រប់ប្រភេទឲ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា ទីរួមស្រុកអន្លង់វែង គឺជាស្រុកមួយក្នុងចំណោមស្រុកទាំង៥ ដែលនៅដាច់ស្រយ៉ាលជាងគេ ដោយមានចំងាយពីទីរួមខេត្តជាង១០០គីឡូម៉ែត្រ និងជាស្រុកអភិវឌ្ឍន៍ក្រោយគេ ហើយចំពោះផលប៉ះពាល់សុខភាពប្រជាពលរដ្ឋក៏មានច្រើន ដូចជាពុលបណ្តាលឲ្យក្អួតចង្អោរផងដែរកន្លងមកនេះ៕