(ស្វាយរៀង)៖ ដោយទទួលបានការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ឲ្យគ្រប់សាខារាជធានី-ខេត្ត ត្រូវចាត់វិធានការទប់ស្កាត់ការនាំចូល និងការចុះអង្កេត ឃ្លាំពិនិត្យទីផ្សារ ចំពោះផលិតផលម្ហូបអាហារ ជាប្រេងខ្យង ម៉ាក (Oyster Sauce) Yuan's ជាផលិតផលដែលរបស់ក្រុមហ៊ុន I-Ho-Yuan Foot Products Ltd ផលិតនៅដែនដីរដ្ឋបាលហុងកុង ដោយមានវត្តមានសារធាតុគីមី Propyl para-hydroxybenzoate ដើម្បីរក្សាអាយុជីវិតផលិតផលឲ្យវែង និងហាមមិនឲ្យប្រើប្រាស់ក្នុងម្ហូបអាហារ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះទៅធ្វើការអង្កេតទីផ្សារវាលយន្ត និងហាងលក់ទំនិញជុំវិញផ្សារ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់ ជាពិសេសគឺការស្វែងរកផលិតផល ប្រេងខ្យងប្រភេទខាងលើ។
ជាលទ្ធផលបង្ហាញថា ផលិតផលប្រេងខ្យងនេះ ពុំមានការនាំចូលពីតាមមាត់ច្រកណាមួយនៃខេត្តស្វាយរៀង ហើយក៏ពុំត្រូវបានរកឃើញមានការដាក់តាំងលក់ នៅលើទីផ្សារសោះឡើយ តែក្នុងនោះក្រុមការងារក៏បានដកហូត ទៅតាមនីតិវិធីនូវផលិតផលមួយចំនួន ដែលមានសភាពមិនប្រក្រតី និងខូចគុណភាព សម្រាប់ធ្វើការកម្ទេចចោល៕