(ភ្នំពេញ)៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយបានអបអរសាទរ ចំពោះសេចក្តីជូនដំណឹងថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដកបំរាមចំពោះហាមមិនឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹក លោក សម រង្ស៊ី ចូលមកប្រទេសកម្ពុជា។ លោក អេង ឆៃអ៊ាង អះអាងថា ពេលនេះបក្សប្រឆាំងមិនទាន់រៀបចំពេលវេលាសម្រាប់ការវិលត្រឡប់ របស់អតីតប្រធានបក្សរបស់ខ្លួននៅឡើយទេ ប៉ុន្តែថា លោក សម រង្ស៊ី នឹងវិលត្រឡប់ចូលកម្ពុជា នៅមុនការបោះឆ្នោត ឆ្នាំ២០១៨ ទោះបីត្រូវជាប់ពន្ធនាគារក៏ដោយ។

ការអះអាងរបស់ លោក អេង ឆៃអ៊ាង បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) ថ្មី ដោយលុប ស.ជ.ណ ចាស់ ដែលរារាំងដល់ការ វិលត្រឡប់ចូលស្រុកវិញរបស់ លោក សម រង្ស៊ី ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងសេចក្តីដំណឹងថ្មី ដែលជម្រាបជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលសម្រេចលុបេចោលនូវលិខិតលេខ១៥១​របក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ»។

មន្រ្តីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះប្រាប់បណ្តាញ ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះថា «ដរាបណាទណ្ឌិត សម រង្ស៊ី មិនទាន់ត្រូវបាន លើកលែងទោសនោះ កម្លាំងសមត្ថកិច្ចគឺអនុវត្តតាមដីការបស់តុលាការ ចាប់ខ្លួនតែម្តងប្រសិនបើគាត់ (សមរង្ស៊ី) ក្លាហ៊ានចូលស្រុកនោះ។ កម្លាំងសមត្ថកិច្ចនឹងដាក់ពង្រាយពេញអាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា និងកម្លាំងគ្រប់ច្រកទ្វារអន្តរជាតិតាមព្រំដែន ដើម្បីចាប់ខ្លួនវាយខ្នោះ បញ្ជូនទៅកាន់ដាក់ទោស»។

សូមជំរាបថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនលោក នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់វិធានការបង្ការទុកមុន ក្នុងការទប់ស្កាត់បុគ្គល សម រង្ស៊ី កុំឲ្យវិលចូលប្រទេសវិញ ដោយដែលបាន ណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិ ទាំង៣...។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់៕

ខាងក្រោមនេះជា ស.ជ.ណ ចាស់ ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦