(មណ្ឌលគិរី)៖ ទីតាំងប្រមូលទិញស្តុកឈើដ៏ធំ ប្រចាំខេត្តមណ្ឌលគិរី ចំនួន២កន្លែង ដើម្បីនាំចេញទៅប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច ចំរុះចុះឡោមព័ទ្ធ តាំងពីវេលាម៉ោង៥ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំងក្រុមការងារស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើស ធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបរថយន្តដឹកឈើ។
ប្រតិបត្តិការចុះឡោមព័ទ្ធ និងបង្ក្រាបកន្លែងស្តុកឈើ២កន្លែងធំៗខាងលើនេះ បានធ្វើឡើងនៅចំណុចភូមិពូត្រំ សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ោ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ ត្រូវជាប្អូនថ្លៃឈ្មួយដ៏ល្បី ឈ្មោះប្រចាំខេត្តមណ្ឌលគិរី គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ។
មន្រ្តីសមត្ថកិច្ចដែលចូលរួម នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើខាងលើនេះ បានទម្លាយថា ទីតាំងស្តុកឈើចំនួន២កន្លែង ខាងលើ ជារបស់ឈ្មោះ គួយ សុឃុន និងឈ្មោះ ភ័ក្រ ដែលមានឈើលាក់ទុកជាង១០០ម៉ែត្រគូប ហើយសមត្ថកិច្ចកម្លាំងក្រុមការងារ ស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត បន្តចុះចាប់ ប៉ុន្តែករណីនេះខាងខេត្តខ្លាចកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ហើយឈានដល់ បំពេញនីតិវិធីនិងធ្វើការឃាត់ខ្លួន ជនពាក់ព័ន្ធនោះ ស្រាប់តែខាងកម្លាំងខេត្តដឹកនាំទៅបង្ក្រាបវិញ បញ្ចៀសរាលដាលពេលខាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាប។
បើតាមសមត្ថកិច្ច ឈើនៅទីនោះជាង១០០ម៉ែត្រគូបតែឈ្មួញ គួយ សុឃុន និងឈ្មោះ ភ័ក្រ បានជួលប្រជាពលរដ្ឋលីជញ្ជូនចេញ សឹងតែអស់ទៅហើយ ខណៈឈ្មួញ និងអាជ្ញាធរ សមត្ថកិច្ចខាងជំនាញ មិនដាច់ចិត្តវាយបំបែកឆ្នាំងបាយខ្លួនឯង។ សមត្ថកិច្ចបានលួចបង្ហើបថាឈ្មួញ គួយ សុឃុន ជាម្ចាស់ទីតាំងស្តុកឈើ បានយកលុយពីថៅកែស្រី ជនជាតិវៀតណាមជិត១០ម៉ឺនដុល្លារ មកប្រមូលទិញ ឈើយកមកស្តុក ដើម្បីដឹកទៅវៀតណាមតាមច្រកកោះញែក ប៉ុស្តិ៍៧ និងប៉ុស្តិ៍កែវសីមា ដូច្នេះករណីចាប់ឈើគឺឈ្មួញ គួយ សុឃុន ចំណេញវិញទេដោយថៅកែវៀតណាម គេទទួលស្គាល់ថា ចាប់ពិតប្រាកដ ចឹងត្រូវផ្តល់លុយមកបន្ថែមទុករត់ការ និងបន្តប្រមូលទិញបន្ត ដោយមិនឲ្យដៃគូភ័យបាក់ទឹកចិត្ត។
យ៉ាងណាក៏ដោយ សម្រាប់ការបង្ក្រាបនេះ គេមិនទាន់ដឹងថា តើមានចំនួនប៉ុន្មាននៅឡើយទេ។ ជាមួយគ្នានេះអង្គភាព Fresh News មិនអាចស្វែងរកការបកស្រាយពីឈ្មួញ គួយ សុឃុន និងឈ្មោះភ័ក្របានទេ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ៕