(ភ្នំពេញ)៖ ដោយយោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ ស្តីពីការកឃើញសារធាតុគីមី​ហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ​​ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង ទើបនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូលដឹកនាំដោយលោក ទុំ សំណាង បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមផ្ទះ តាមម៉ាត និងតាមផ្សារមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត នៅក្នុងភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ស្វែងរកអនុលោមភាពនៃអនុក្រឹត្យលេខ១៣៣។

លោក តែ អ៊ិតលាង អនុប្រធានសាខាកាំកុងត្រូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា «នៅថ្ងៃនេះយើង បានសហការជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូល​ដឹកនាំដោយលោក ទុំ សំណាង បានចុះពិនិត្យ ម្ស៉ៅទឹកដោះគោដែលដាក់លក់ តាមផ្ទះម៉ាតផ្សារមួយចំនួន ក្នុងខណ្ឌច្បារពោធិ៍សែនជ័យ ស្វែងរកអនុលោមភាពនៃអនុក្រឹត្យលេខ១៣៣»

មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា អនុក្រឹត្យនេះមានគោលបំណង រួមចំណែកក្នុងការផ្ដល់ នូវអាហារូបត្ថម្ភ ឲ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក  និងកុមារតូចៗ  តាមរយៈការគាំពារ និងការលើកកំពស់ ការបំបៅកូនដោយទឹកដោះម្ដាយ និងការជំរុញលើកទឹកចិត្ត ឲ្យមានការផ្ដល់អាហារ បន្ថែមឲ្យបានត្រឹមត្រូវ និងស្របតាមអាយុកំណត់ របស់ទារក និងកុមារ ដើម្បីធានាឲ្យមានការប្រើប្រាស់ សមស្របនូវផលិតផលជំនួសទឹកដោះម្ដាយ តែនៅពេលណាដែលចាំបាច់ និងដោយមូលដ្ឋានព័ត៌មានគ្រប់គ្រាន់។

មន្រ្តីកាំកុងត្រូល បានបន្តថា អនុក្រឹត្យ១៣៣នេះ បានកំណត់អំពីការផ្សព្វផ្សាយ លក់ ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ក្នុងនោះមានផលិតផល ដែលផលិតក្នុងប្រទេស និងផលិតផលនាំចូល ពីបរទេសសម្រាប់បម្រើតម្រូវ ការការប្រើប្រាស់ ក្នុងការចិញ្ចឹមទារក រហូតដល់អាយុគ្រប់១២ខែ និងកុមារ តូចៗរហូតដល់អាយុ២៤ខែ៕