(ភ្នំពេញ)៖ របត់នយោបាយថ្មីបានប្រែប្រួលនៅថ្ងៃនេះ និងពិតជាគួរឲ្យភ្ញាក់ផ្អើលជាមួយការសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលបានណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិទាំង៣...។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលកំពុងមានទោស ទណ្ឌតាមផ្លូវច្បាប់។

ការសម្រេចចេញសជណថ្មីនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយ សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពី សាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅ ប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុង ប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។

តើការសម្រេចលុបស.ជ.ណនេះ ជាការដាក់អន្ទាក់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដោយផ្ទាល់នៅពេលមកដល់ព្រលានយន្តហោះឬ ?

អ្នកវិភាគដ៏ល្បីមួយរូប និងជាអ្នកតាមដានស្ថានការណ៍នយោបាយច្បាស់នៅកម្ពុជា ឈ្មោះ បក្សីចាំក្រុង បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងក្រោយការចេញ ស.ជ.ណ ថ្មីនេះថា ដូចបានដឹងហើយថា លោក សម រង្ស៊ី គឺកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់ មិនទាន់មានព្រះរាជក្រឹត្យណាមួយរបស់ព្រះមហាក្សត្រ​លើកលែងទោស ដល់លោក សម រង្ស៊ី នោះឡើយ។ ហើយនៅពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសខ្លាំងៗ និងដាច់ណាត់ថា សម្តេចនឹងមិន ស្នើសុំឱ្យលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ជាដាច់ខាត និងបានប្រកាសជាសាធារណៈ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ថា សម្តេចនឹងកាត់ដៃស្តាំរបស់ លោកចោល ប្រសិនបើសម្តេចចុះហត្ថលេខាស្នើលើកលែងទោសដល់ សម រង្ស៊ី ទៅកាន់ព្រះមហាក្សត្រ។

អ្នកវិភាគដ៏ល្បីរូបនោះបានអះអាងថា ការសម្រេចចេញ ស.ជ.ណ ថ្មីនៅពេលនេះ ជាអន្ទាក់យ៉ាងពិតប្រាកដដើម្បីចាប់ខ្លួនលោក សម រង្ស៊ី តែម្តងប្រសិនបើ សម រង្ស៊ី ក្លាហានចូលស្រុក ខណៈដែលខ្លួនមិនទាន់រួចទោសនៅឡើយ នេះមិនមែនជាការបន្ធូរបន្ថយស្ថានភាពនយោបាយអ្វីនោះទេ។ តើលោក សម រង្ស៊ី ហ៊ានប្រឈមចំពោះមុខច្បាប់ទេ ខណៈដែលខ្លួនត្រូវបានមហាជនកំពុងបំភ្លេចឈ្មោះជាបណ្តើរៗៗ ?

ឆ្លើយនឹងសំណួរពាក់ព័ន្ធការចេញ ស.ជ.ណ ថ្មីនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់មួយរូបនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងលក្ខណៈមិនបញ្ចេញឈ្មោះប្រាប់បណ្តាញ ព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា «ដរាបណាទណ្ឌិត សម រង្ស៊ី មិនទាន់ត្រូវបាន លើកលែងទោសនោះ កម្លាំងសមត្ថកិច្ចគឺអនុវត្តតាមដីការបស់តុលាការ ចាប់ខ្លួនតែម្តងប្រសិនបើគាត់ (សមរង្ស៊ី) ក្លាហានចូលស្រុកនោះ។ កម្លាំងសមត្ថកិច្ចនឹងដាក់ពង្រាយពេញអាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា និងកម្លាំងគ្រប់ច្រកទ្វារអន្តរជាតិតាមព្រំដែន ដើម្បីចាប់ខ្លួនវាយខ្នោះ បញ្ជូនទៅកាន់តុលាការដាក់ទោស»។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញ ស.ជ.ណ ថ្មី ដោយសម្រេចលុប ស.ជ.ណ ចាស់ ចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលបានណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិទាំង៣...។ល។ ដើម្បីទប់ស្កាត់ចំពោះការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលកំពុងមានទោសទណ្ឌតាមផ្លូវច្បាប់៕

ខាងក្រោមនេះជា ស.ជ.ណ ចាស់ ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦