(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយរៀបរាប់ ពីស្ថានភាពរស់នៅរបស់ពលករខ្មែរមួយចំនួនដែលកំពុងរងគ្រោះ និងធ្វើការនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ នៅក្នុងលិខិតរបស់ក្រសួងការបរទេសកម្ពុជា បានប្រាប់ពីស្ថានភាពរបស់ពលករជាច្រើនករណី ដែលបានកើតឡើង ទាំងនៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក្នុងនោះរួមមាន៖

ករណីទី១៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរម្នាក់ ឈ្មោះ ភ.ទ.ម អាយុ ៣៦ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានធ្វើដំណើរតាមរថយន្តឆ្លងកាត់ប្រទេសថៃ ទៅម៉ាឡេស៊ីដោយខុសច្បាប់ និងបានធ្វើការងារតាមផ្ទះកាលពីឆ្នាំ២០១៦ តាមរយៈមេខ្យល់។

ពលការិនីខាងលើមានស្មារតីមិននឹងនរ និងបានដើរចេញពីផ្ទះនិយោជក ហើយត្រូវបាននគរបាលម៉ាឡេស៊ី នាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៃរដ្ឋ Selangor នៅដើមខែឧសភា កន្លងមកនេះ។ ស្ថានទូតបានសម្របសម្រួលជាមួយមន្ទីរពេទ្យ និង ទទួលបានការលើកលែងការបង់ថ្លៃព្យាបាល សរុបចំនួន ៨០០០រីងហ្គីត (ប្រមាណ ២០០០ដុល្លារអាមេរិក) ហើយបានទទួលយកពលការិនីមកស្នាក់ នៅថែព្យាបាល នៅស្ថានទូតវិញ។

ដោយពិនិត្យឃើញថា ពលការិនីមានស្មារតីនឹងនរមកវិញ ស្ថានទូតបានសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ដើម្បីរៀបចំធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ពលការិនីខាងលើបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះAK534 ។

ករណីទី២៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានជូនដំណឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២១៖១៥នាទី ពលរដ្ឋខ្មែរ ៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តចាន់ថាក់បុរី បង្កដោយរថយន្តថៃបើកបុក ពីក្រោយ ពេលកំពុងធ្វើដំណើរតាមម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់៣នាក់ ដូចមានរាយនាមខាងក្រោម៖

១៖ ឈ្មោះ អិត សែម ភេទស្រី អាយុ ៤៥ឆ្នាំ នៅស្រុកកំរៀង ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ

២៖ ឈ្មោះ ប្រាក់ សុជាតិ ភេទប្រុស អាយុ ២៤ឆ្នាំ នៅស្រុកកំរៀង ខេត្តបាត់ដំបង ជាអ្នកបើកបរម៉ូតូ

៣៖ ឈ្មោះ អិត ស៊ីណា ភេទស្រី អាយុ ២៤ឆ្នាំ (ប្រពន្ធ ប្រាក់ សុជាតិ)

៤៖ កុមារី មិន ស្រីម៉ី អាយុ ៦ខែ (ជាកូន អិត ស៊ីណា និង ប្រាក់ សុជាតិ)

ចំពោះសពឈ្មោះ អិត សែម ត្រូវបានធ្វើកោសល្យវិច្ច័យ និងរក្សាទុកនៅមន្ទីរពេទ្យខេត្តចាន់ថាក់បុរី។ ចំណែកអ្នករបួស ទាំង៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដដែល ដោយម្ចាស់រថយន្តបង្កជាអ្នករ៉ាប់រងថ្លៃព្យាបាល។ រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចថៃយកទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ស្ថានអគ្គកុងស៊ុល កំពុងសហការ ជាមួយ អាជ្ញាធរពាក់ព័ន្ធថៃ និងក្រុមគ្រួសារសព ដើម្បីនាំយកសពមកធ្វើបុណ្យតាមប្រពៃណី។

ករណីទី៣៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានបញ្ជាក់ថា ករណីឃាតកម្មសម្លាប់សេដ្ឋីនីជនជាតិថៃម្នាក់ នៅខេត្តចាន់ថាក់បុរី ឃាតករជាជនជាតិថៃ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនហើយ ពុំមានអ្វី ពាក់ព័ន្ធនឹងពលករខ្មែរ ដូចការចុះផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ឡើយ។ ស្ថានអគ្គកុងស៊ុល បានសហការ ជាមួយស្ថានទូតកម្ពុជា នៅទីក្រុងបាងកក ស្នើទៅសារព័ត៌មានថៃ ដែលបាន ចុះផ្សាយព័ត៌មាន មិនពិត ឲ្យកែតម្រូវ ព័ត៌មាន ដើម្បីការពារផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះពលរដ្ឋខ្មែរ៕