(សៀមរាប)៖ អ្នកស្រី ម៉ៅ កូឡាប ទីប្រឹក្សាយោបល់ស្តីពីការសិក្សានៅសហរដ្ឋអាមេរិក បានបង្ហាញក្ដីរំពឹងទុកថា នឹងមានសិស្សនិស្សិតខ្មែរ ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក មានចំនួនកើនឡើង នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ការលើកឡើងយ៉ាងដូច្នេះរបស់ អ្នកស្រី ម៉ៅ កូឡាប ស្របដែលស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសហការជាមួយ មជ្ឈមណ្ឌលប្រឹក្សាពីការសិក្សា នៅសហរដ្ឋអាមេរិក (Education USA Advising Center) រៀបចំពិព័រណ៍អប់រំសិក្សានៅអាមេរិក ជូនដល់សិស្សនិស្សិតកម្ពុជា ជាង២០០នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។
អ្នកស្រី ម៉ៅ កូឡាប បានបញ្ជាក់ថា ដោយសារតែមើលឃើញនូវជីវភាពរបស់ប្រជាជនកម្ពុជា ពីមុននិងបច្ចុប្បន្នអាចចាត់ទុកថា ល្អប្រសើរជាងមុន ហើយបើគិតពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៧ មានចំនួនសិស្សនិស្សិតប្រមាណ៣០០នាក់ ដល់ជាង៥០០នាក់ បានជ្រើសរើស និងទៅសិក្សានៅសហរដ្ឋអាមេរិក។
អ្នកស្រីបន្ដថា បើធ្វើការប្រៀបធៀប កាលពីឆ្នាំ២០០៨ មានចំនួនសិស្សនិស្សិតទៅសិក្សា នៅក្រៅប្រទេសប្រមាណ២ពាន់នាក់ ដែរគិតមកទល់បច្ចុប្បន្ន មានសិស្សចំនួន៤ពាន់ ទៅ៥ពាន់នាក់ ដែលបានបន្តទៅសិក្សា។ ដោយក្នុងនោះមានសិស្សនិស្សិតជ្រើសរើសទៅសិក្សានៅអាមេរិក ហើយអាចបង់ថ្លៃបានមានចំនួនជិត៥០០នាក់។
លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា មហាវិទ្យាល័យនៅសហរដ្ឋអាមេរិក មានជាង៤៥០០ មហាវិទ្យាល័យ ដែលជាឱកាសដ៏ល្អ សម្រាប់សិស្សនិស្សិតកម្ពុជា ក្នុងការជ្រើសរើសទៅបន្តការសិក្សានៅទីនោះ។
សូមបញ្ជាក់ថា ការរៀបចំពិព័រណ៍អប់រំនេះ ក្នុងគោលបំណងដើម្បីជួយសិស្សនិស្សិតនៅខេត្តសៀមរាប ឲ្យទទួលបានព័ត៌មានអំពីឱកាសទៅសិក្សានៅអាមេរិក និងបង្ហាញពីទំនាក់ទំនងដ៏ល្អ រវាងខេត្តសៀមរាប និងអាមេរិក៕