(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយឃុំពពក ស្រុកស្ទោង បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិកសមាជិកា ដែលបានបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនម្ពុជានៅឃុំពពក កាលពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលបានធ្វើឲ្យគណបក្សប្រជាជន ឈ្នះគណបក្សសង្គ្រោះជាតិ ហើយអាចបន្តកាន់កាប់ដំណែង មេឃុំបន្តទៀត ពោលគឺគណបក្សប្រជាជនបានដណ្តើមបានខ្សែក្រវ៉ាត់៤អណត្តិជាប់ៗគ្នា។

នៅចំពោះមុខសមាជិកសមាជិកា នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ លោក គង់ វិមាន ក្នុងនាមប្រធានក្រុមការងារ បានសន្យាថា ខិតខំជួយ ដល់ប្រជាពលរដ្ឋដែលជួបបញ្ហា មានការលំបាក និងជួយកសាងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជួយដោះស្រាយបញ្ហាប្រឈម នានាដូចជា ជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព  ការអនុវត្តសេវាសាធារណៈ ការដោះស្រាយទំនាស់ដីធ្លីបន្តអភិវឌ្ឍ ភូមិឃុំ ការដោះស្រាយទុក្ខលំបាកផ្សេងៗទៀត ជាពិសេសលុបបំបាត់អោយអស់ បុគ្គលខិលខូចមួយចំនួនតូច តែងតែឆ្លៀតឱកាស កេងចំណេញ និងប៉ះពាល់ទៅលើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋាន។

ដោយសារ ប្រសិទ្ធភាពនៃការដោះស្រាយកន្លងមក ជូនដល់បងប្អូនប្រជាពលរដ្ឋបានល្អទើបធ្វើឲ្យពួកគាត់មានទំនុកចិត្ត រហូតដល់ការ បោះឆ្នោតគាំទ្រជូន គណបក្សប្រជាជនកម្ពុជា រហូតដល់ឈ្នះជាមេឃុំ និងមានការកើនសំឡេងលើសឆ្នាំ២០១៣ផងដែរ។

លោក គង់ វិមាន បានបន្តថា «ទីតាំងនេះ គឺជាអតីតមូលដ្ឋានបង្ហូរឈាមដោយសារសង្គ្រាម ប៉ុន្តែបច្ចុប្បន្នគឺបាន ប្រែក្លាយពីតំបន់សង្គ្រាម មកជាតំបន់អភិវឌ្ឍន៍ គួរឲ្យមោទនភាពបំផុត នេះក៏ដោយសារស្នាដៃ នៃការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា។ ក្នុងយុទ្ធនាការឃោសនា បោះឆ្នោត នាពេលថ្មីៗនេះ មានគណបក្សនយោបាយ ជាច្រើនបានចូលទៅឃោសនា រកសំឡេងឆ្នោតពីប្រជាពលរដ្ឋរហូតដល់ទៅ៥គណបក្ស ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមិនជឿលើ ការឃោសនារបស់ពួកគេទេ»

លោកបានលើកឡើងថា «ការបោះឆ្នោតកន្លងមក មានប្រជាពលរដ្ឋមួយចំនួន នៅតែមានការយល់ច្រឡំ ដោយខឹងនិងបុគ្គលខិលខូច មួយចំនួន ហើយខឹងបូកដល់គណបក្សទាំងមូល  ដែលករណីនេះ គួរតែគិតពិចារណាឲ្យបានម៉ត់ចត់ មុននិងសម្រេចចិត្ត។ ពិតណាស់ មានកន្លែងខ្លះ បុគ្គលធ្វើឲ្យមានកំហុស ធ្វើខុសច្បាប់ និងធ្វើខុសនឹងបញ្ជារបស់គណបក្ស ប៉ុន្តែការខុសឆ្គងរបស់បុគ្គល គឺជារឿងបុគ្គល ដូច្នេះមិនគួរខឹង និងបុគ្គលរាលដាលដល់ថ្នាក់ដឹកនាំ ដល់គណបក្សទាំងមូលនោះទេ ហើយមិនត្រូវខឹងគោវាយរទះនោះដែរ។ បើបងប្អូនសម្រេចចិត្តខុសមួយវិនាទី គឺបងប្អូនមានវិប្បដិសារីអស់មួយជីវិត»

សម្រាប់ឃុំពពកនេះ ក្រោមការដឹកនាំផ្ទាល់ពីមេឃុំមកពីគណបក្សប្រជាជន និងមានក្រុមការងារដឹកនាំដោយលោក គង់ វិមាន ចុះជួយ ផ្ទាល់បានធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត មកលើគណបក្សប្រជាជនកម្ពុជា ហើយបោះឆ្នោតជូនបក្សប្រជាជន បន្តកាន់កាប់ដំណែង ជាមេឃុំបន្តទៀត។ សូមបញ្ជាក់ថា ក្នុងចំណោមឃុំទាំង១៣ របស់ស្រុកស្ទោង ត្រូវបានបក្សសង្គ្រោះជាតិដណ្តើមបានតំណែងជាមេឃុំ ចំនួន១០ឃុំ  និងសរុបទូទាំងខេត្តកំពង់ធំ បក្សសង្គ្រោះជាតិទទួលបាន៤០ឃុំ សង្កាត់ លើ៨១ឃុំសង្កាត់។

នៅថ្ងៃដដែលនេះលោក គង់ វិមាន ដែលជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយចែក ជូនដល់គ្រួសារក្រីក្រ ចំនួន១២គ្រួសារ នៅឃុំពពក។ នៅក្នុងឱកាសនោះលោកបានផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់និងដែលជានិច្ចកាលសម្តេច​ តែងបានគិតគូរ អំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន ជាពិសេសជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរាអ្នកផ្ទុក មេរោគអេដស៍ និងទុរគតជននានា។ ក្នុងការចែកអំណោយដល់គ្រួសារទាំង១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ សារុង១ ក្រមា១ មុង១ និងភួយ១។

បើតាមដំណឹងពីមន្ត្រីថ្នាក់ដឹកនាំ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោក គង់ វិមាន ដែលអតីតគេដឹងថា ជាក្មេងវត្ត ឧណ្ណាលោម កំព្រាឪពុកម្តាយ រស់នៅ និងរៀនសូត្រូពឹងលើវត្តអារាមនាពេលអតីតកាលនោះ បានចូលកាន់តំណែង ជាអភិបាលរងខេត្តកំពង់ធំជាង ១០ឆ្នាំមកហើយ និងមានការស្រឡាញ់ពេញចិត្តពីប្រជាពល និងមន្ត្រីរាជការយ៉ាងច្រើនគួរឲ្យកត់សំគាល់ ។

តាមព័ត៌មានដែលទទួលបាន នៅប៉ុន្មានខែខាងមុនេះលោក គង់ វិមាន ក៏ប្រហែលជាអាចនឹងត្រូវបានរាជរដ្ឋាភិបាល ធ្វើការកែសម្រួល ផ្លាស់ប្តូរឲ្យទៅកាន់ខេត្តផ្សេងណាមួយ ដោយផ្អែកលើច្បាប់គ្រប់គ្រងរាជធានីខេត្ត ក្រុង ស្រុក ខ័ណ្ឌ នេះបើមិនមានអ្វីប្រែប្រួលនោះទេ ។

បើតាមមន្រ្តីសាលាខេត្តកំពង់ធំ មួយរូបសុំមិនបញ្ចេញឈ្មោះថា បើមានការផ្លាស់ប្តូរលោក ​គង់ វិមាន ទៅខេត្តផ្សេងទៀតនោះមែន នឹងធ្វើឲ្យការងារនៅខេត្តទាំងខេត្ត និងបក្សអាចនឹងជួបបញ្ហាខ្លះដោយសារ គណៈអភិបាលខេត្តសុទ្ធតែថ្មី មិនសូវហ៊ានប្រឈមក្នុងការ ដោះស្រាយបញ្ហានានាទេ។ មន្ត្រីនោះបន្តថា បើសិនលោក គង់ វិមាន នៅបន្ត គឺអាចជួយការងារលោក សុខ លូ អភិបាលខេត្ត ទាំងការងារបក្ស និងការងាររដ្ឋបាលខេត្ត បានយ៉ាងច្រើន ដែលថ្នាក់លើគួរមានការពិចារណាដែរ។

ក្រោយពីភ្នាក់ងារ Fresh News ទទូលបានព័ត៌មាននេះ ក៏បានធ្វើការទំនាក់ទំនងទៅលោក គង់ វិមាន តែលោកសុំមិនធ្វើអធ្យាធិបាយទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកគោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ហើយនិងខិតខំបំរើប្រជាពលរដ្ឋ ឲ្យអស់ពីសមត្ថភាព បន្តទៀត។ លោកគ្រាន់តែបញ្ជាក់ថា «ជាធម្មតាការទៅកាន់កន្លែងផ្សេង គឺពិតជាមានការលំបាកមែនហើយ ដោយទំរាំបានស្គាល់ ភូមិសាស្ត្រ និងកិច្ចការផ្សេងៗទៀត យើងត្រូវប្រើពេលវេលាយូរគួរសមដែរ  តែបើកន្លែងចាស់យើងបានដឹងសព្វ គ្រប់អស់ហើយ ទាំងការងាររដ្ឋបាល និងការងារបក្សជាពិសេសសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលធ្លាប់ រួមសុខរួមទុក្ខជាមួយគ្នាជាច្រើនឆ្នាំមកហើយ ដោយមិនដែលមានបញ្ហាល្អក់កករជាមួយនណាឡើយ»

សូមបញ្ជាក់ថា នៅពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សសង្គ្រោះជាតិ បានទៅបោកប្រាស់ប្រជាពលរដ្ឋនៅតំបន់នោះ យ៉ាងខ្លាំង ដោយនិយាយទាំងខុសថា ពេលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត ពួកគេនឹងលុបបំណុលរបស់ប្រជាពលរដ្ឋដែល ជំពាក់ធនាគារ, យកដីក្រុមហ៊ុនចែកជូនប្រជាពលរដ្ឋ និងទម្លាក់លុយកន្លះលានដុល្លារ សម្រាប់មួយឃុំៗ។ បើទោះបីជាមន្រ្តីបក្សប្រឆាំង ទៅឃោសនាបោករបៀបនេះ តែសម្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំភាគច្រើនបំផុត នៅតែជឿលើគណបក្សប្រជាជនកម្ពុជាជានិច្ច រហូតបោះជូនគណបក្សប្រជាជន បានកាន់កាប់ជាតំណែងមេឃុំសម្រាប់អណ្តត្តិទី៤នេះបន្តទៀតតែម្តង៕