(ភ្នំពេញ)៖ លោក សម រង្ស៊ី ដែលគេស្គាល់ថា ជាមនុស្សកំសាក និងបានតែមាត់អួតអាងប្រៀបដូចក្អាត់ក្នុងក្អមនោះ បានបញ្ចេញវោហាសាស្ត្រក្អេងក្អាង ជាថ្មីទៀតតាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា បើសិនជារដ្ឋាភិបាលលុបបទបញ្ជាដែលហាមមិនឲ្យក្រុមហ៊ុនយន្តហោះ ដឹករូបលោក មកកម្ពុជានោះចេញ លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញភ្លាម។ លោកបញ្ជាក់ថា លុបពេលណាលោកនឹងចូលស្រុកវិញពេលនោះ។
ភ្លាមៗក្រោយការអះអាងរបស់លោក សម រង្ស៊ី រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចមួយភ្លាមៗ ដោយលុបចោលបម្រាមនោះមែន មានន័យថា អំណឹះតទៅលោក សម រង្ស៊ី អាចវិលត្រឡប់ចូលស្រុកវិញពេលណាក៏បានដោយគ្មានការរារាំងឡើយ។ ប៉ុន្តែសូមបញ្ជាក់ថា ការដកចេញបម្រាមខាងលើនេះ មិនមែនជាការលើកលែងទោសឲ្យលោក សម រង្ស៊ី ទេ មានន័យថា អតីតមេបក្សប្រឆាំងរូបនេះនៅតែជាទណ្ឌិតដែលសមត្ថកិច្ចតាមចាប់ខ្លនដាក់ពន្ធនាគារ ជានិច្ចពោលគឺបើលោក សម រង្ស៊ី ជាន់ដីកម្ពុជាពេលណាសមត្ថកិច្ចនឹងរង់ចាំស្វាគមន៍ជូនដំណើរគាត់ទៅកាន់ពន្ធនាគារព្រៃសជាក់ជាមិនខាន។
ឥឡូវនេះគេកំពុងរង់ចាំមើលថា តើលោក សម រង្ស៊ី ពិតជាមានសេចក្តីក្លាហានដូចមាត់គាត់ថាមែន ឬក៏ជាគ្រាន់តែក្អេងក្អាងបានតែមាត់ដូចក្អាត់ក្នុងក្អម ដូចដែលគេបានស្គាល់កន្លងទៅតែដដែលទេ? មានមនុស្សជាច្រើនដែលបានស្គាល់លោក សម រង្ស៊ី ច្បាស់ហ៊ានទាំងភ្នាល់ថា លោក សម រង្ស៊ី ប្រាកដជាមិនហ៊ាន វិលចូលស្រុកវិញក្នុងស្ថានភាពបែបនេះទេ។ អ្វីដែលគាត់និយាយគ្រាន់តែជាលេសបិទបាំងភាពកំសាករបស់ខ្លួនតែប៉ុណ្ណោះ។
អតីតមេបក្សប្រឆាំងរូបនេះចូលចិត្តតែលេងវោហាសាស្ត្រអួតអាងថាខ្លួនជាអ្នកស្នេហាជាតិ អ្នកក្លាហាន អ្នកដែលមានឧត្តមគតិបង្រួបបង្រួមជាតិ ខំសម្តែងបំប្លែង ទោសកំហុសធ្វើជាតួកំសត់ ប៉ុន្តែតាមការពិតបុគ្គល សម រង្ស៊ី នេះគ្រាន់តែជាអ្នកសម្តែងបំភ្លៃ និងធ្វើអាជីវកម្មលើទោសកំហុសរបស់ខ្លួនដើម្បីឲ្យគេមើលឃើញថា ជាតួកំសត់ គួរឲ្យអាណិតតែតាមការពិត ខ្លួនជាមនុស្សបំពានច្បាប់ ជាតួយក្សពាក់មុខទេវតា និងជាបុរសកំសាកអត់បានការម្នាក់ដែលក្លែងខ្លួនជាបុរសជិះសេះស តែប៉ុណ្ណោះ។
ពេលនេះគឺជាដំណាក់កាលសាកល្បងដ៏សំខាន់ណាស់ សម្រាប់វាស់ស្ទង់ការពិតអំពីបុគ្គល សម រង្ស៊ី។ បើគាត់ពិតជាមនុស្សក្លាហានដូចពាក្យនិយាយអួតអាងមែន គាត់ច្បាស់ជាមកដល់កម្ពុជាវិញ នៅថ្ងៃស្អែកឬខានស្អែកនេះហើយ ព្រោះគ្មានអ្នកណាហាមឃាត់គាត់មិនឲ្យមកទៀតទេ។
ហើយគាត់ក៏គ្មានលេសអ្វីលើកយកមកនិយាយទៀតដែរ។ ផ្ទុយទៅវិញ ប្រសើនបើលោក សម រង្ស៊ី មិនហ៊ានវិលត្រឡប់មកកម្ពុជាវិញដូចពាក្យគាត់អួតអាងទេនោះ គាត់គ្មានមុខអ្វីមកនិយាយបោកប្រាស់ពលរដ្ឋខ្មែរទៀតឡើយ។ គេអាចគិតទុកមុនថា លេសដែលលោក សម រង្ស៊ី អាចលើកមកបិទបាំងភាពកំសាករបស់ខ្លួន ជាម្តងទៀតគឺថា មកពីអ្នកគាំទ្ររបស់ខ្លួន ឬមន្ត្រីបក្សរបស់ខ្លួនសំណូមពរមិនឲ្យមកពេលនេះទេ ដូចដែលគាត់ធ្លាប់បានប្រើរួចមកហើយ។
យ៉ាងណាក៏ដោយ អ្នកដែលបានស្តាប់សំដីលោក សម រង្ស៊ី តាមវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី១៣ មិថុនា ប្រាកដជាមិនអាចទទួលយកបាននូវលេសណា មួយទៀតឡើយ។ ការលុបចោលបំរាមមិនឲ្យលោក សម រង្ស៊ី ចូលស្រុកវិញរបស់រាជរដ្ឋាភិបាលអាចចាត់ទុកថា ជាការដេញទាន់ជាន់កែងលោក សម រង្ស៊ី។
ដូច្នេះដល់កហើយលោក សម រង្ស៊ី នេះជាអ្វីដែលគេហៅថា តម្រិះជិះកឯង ឬក៏ថា ភូតច្រើនចាញ់អាត្មា។ យើងនឹងរង់ចាំមើលថា តើលោក សមរង្ស៊ី ហ៊ានដើរចូលគុកដូចដែលគាត់អួតក្អេងក្អាងមែនឬទេ?
ដោយ៖ អ្នកវិភាគល្បីមួយរូប
ខាងក្រោមនេះជា សជណ ចាស់ ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦