(ភ្នំពេញ)៖ ក្រុមហ៊ុនIBC Co.,Ltd បណ្ណាគារអន្តរជាតិ បានទទួលសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងលក់ចែកចាយលើទីផ្សារកម្ពុជា នូវម៉ាស៊ីនគិតលេខ ដែលមានគុណភាពខ្ពស់ម៉ាក Casio ពីប្រទេសជប៉ុន។ នេះគឺជាទីមួយហើយដែលមានក្រុមហ៊ុនផ្លូវការដែលនាំចូល និងលក់ម៉ាស៊ីនគិតលេខនៅក្នុង ប្រទេសកម្ពុជាដូច្នេះ។
លោក TAKUTO KIMURA តំណាងក្រុមហ៊ុន CASIO ជប៉ុនប្រចាំប្រទេសសិង្ហបុរី បានចាត់ទុកក្រុមហ៊ុន IBC Co.,Ltd បណ្ណាគារអន្តរជាតិថា ជាដៃគូដ៏ល្អនៅក្នុងទីផ្សារប្រទេស កម្ពុជា ដែលចែកចាយម៉ាស៊ីនគិតលេខម៉ាក CASIO តែមួយគត់។ លោកក៏បានចាត់ទុកក្រុមហ៊ុន IBC Co.,Ltd នេះដែរថា ជាអ្នកចែកចាយសម្ភារការិយាល័យគុណភាពខ្ពស់ ដែលគ្រប់ដណ្តប់លើទីផ្សារដ៏ជោគជ័យ។
លោកមានជំនឿយ៉ាងមុតមាំថា ម៉ាស៊ីនគិតលេខម៉ាក CASIO នឹងអាចផ្តល់ជូនអតិថិជនតាមរយៈការជួយផ្សព្វផ្សាយទីផ្សារ សហការជាមួយក្រុមហ៊ុន IBC Co.,Ltd ដើម្បីធ្វើឲ្យអតិថិជនអ្នកប្រើប្រាស់ស្គាល់ពីផលិតផល CASIO នៅលើទីផ្សារកម្ពុជាបន្ថែមទៀត។
លោក សុខ ឆាយ នាយកក្រុមហ៊ុន IBC Co.,Ltd បណ្ណាគារអន្តរជាតិបានឲ្យដឹងថា មុននឹងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន IBC ដើម្បីនាំចូល និងលក់ម៉ាស៊ីនគិតលេខនេះ គឺក្រុមហ៊ុន Casio នៅក្នុងប្រទេសជប៉ុន បានសិក្សាយ៉ាងច្រើនពីក្រុមហ៊ុន របស់យើងហើយក៏បានផ្តល់ការទុកចិត្តតែម្តង។
លោកបញ្ជាក់ថា ម៉ាស៊ីនគិតលេខម៉ាក Casio នេះគឺលក់ក្នុងតម្លៃសមរម្យ ហើយវាជារបស់ពិតមានគុណភាពល្អ និងធន់នឹងការប្រើប្រាស់ ថែមទៀត។ ដូច្នេះហើយ ប្រជាពលរដ្ឋខ្មែរនឹងមិនពិបាកជាមួយរបស់ក្លែងក្លាយទៀតនោះទេ។ លោកក៏បានប្តេជ្ញាផងដែរថា នឹងខិតខំធ្វើឲ្យ ទីផ្សារម៉ាស៊ីនគិតលេខនេះ រីកធំធាត់នៅក្នុងប្រទេសកម្ពុជា ហើយនិងបានអំពាវនាវដល់ពលរដ្ឋឲ្យបោះបង់របស់ក្លែងក្លាយ និងងាកមករក របស់ពិតដែលមានគុណភាពល្អវិញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន IBC Co.,Ltd បណ្ណាគារអន្តរជាតិ មាន៥សាខានៅក្នុងរាជធានីភ្នំពេញ និងមានមួយសាខាទៀតនៅក្នុង ខេត្តសៀមរាប។ បណ្ណាគារអន្តរជាតិមួយនេះ ផ្គត់ផ្គង់នូវសម្ភារៈសិក្សា និង ការិយាល័យជាច្រើនប្រភេទ និងមានលក់សៀវភៅ ដ៏សម្បូរបែបផងដែរ។ បន្ថែមលើនេះ នៅពេលនេះ បណ្ណាគារនេះ ក៏បានចាប់ផ្តើមលក់ផ្តាច់មុខនូវម៉ាស៊ីនគិតលេខម៉ាក CASIO របស់ជប៉ុនថែមទៀត៕