(ភ្នំពេញ)៖ ពិធីប្រកាសចូលកាន់តំណែងរបស់លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា នឹងធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នេះបើតាមលោក កឹម គុណវឌ្ឍន៍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃនេះ។
លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្តន៍នោះ បានបញ្ជាក់ថា «សូមជូនជាព័ត៌មាន ដោយសូមអញ្ជើញ ឯ.ឧ លោកជំទាវ លោកស្រី លោក នាងកញ្ញជាមន្រ្តីរាជការទាំងអស់របស់ ទ.ទ.ក និងអញ្ជើញភ្ញៀវកិត្តិយស អញ្ជើញចូលរួមក្នុងពិធីផ្ទេរ និងប្រគល់តំណែង អគ្គនាយក ទ.ទ.ក ជូនអគ្គនាយក ឃឹម វុទ្ធី ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាននៅរសៀលថ្ងៃសុក្រទី១៦ ខែមិថុនា ឆ្នាំ២០១៧ នៅសាលសត្យា ក្រសួងព័ត៌មាន នាម៉ោង២រសៀល»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕