(ភ្នំពេញ)​៖​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ បានផ្តល់ថវិកា​ គ្រឿងឧបភោគ-បរិភោគ​ សម្ភារៈប្រើប្រាស់​ និងអាហារថ្ងៃត្រង់មួយពេល​ ជូនដល់ជនពិការចំនួន​ ៨៦នាក់​ នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្រៅ​ រាជធានីភ្នំពេញ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើសួរសុខទុក្ខ​ និងក្តីនឹករលឹក​ ជាពិសេស​ សម្ដេច តែងគិតគូរពីការរស់នៅប្រចាំថ្ងៃរបស់ជនពិការទាំងអស់។​ ជាមួយគ្នានោះ​ លោកស្រី ម៉ែន នារីសោភ័គ​ ក៏បានលើកទឹកចិត្ត ដល់ការតស៊ូរបស់ក្រុមជនពិការ ដើម្បីរស់នៅក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ និងស្មើមុខស្មើមាត់ដូចមនុស្សមិនពិការដែរ ព្រមទាំងអំពាវនាវ ដល់សប្បុរសជន​ មេត្តាជួយឧបត្ថម្ភគាំទ្របន្ថែមទៀតដល់ជនពិការ ដើម្បីឈានទៅលុបបំបាត់ការរើសអើងចំពោះជនពិការនៅកម្ពុជាយើង។

លោក​ ចាប​ តូ​ តំណាងឱ្យជនពិការទាំងអស់​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ តែងគិតគូរ​ យកចិត្តទុកដាក់​ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់​ ដោយមិនមានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា​ ចំពោះអំណោយប្រគល់ជូនសមាគមតន្ត្រីសំនៀងជនពិការរួមមាន​ ៖ អង្ករ ២តោន មីយើង ៥០កេស ត្រីខ ៥កេស ទឹកស៊ីអ៊ីវ ២៤ដប ទឹកត្រី ២៤ដប ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស   អាហារវីតាមីន​ ២០កេស និងថវិកា ៥លានរៀល។​ ដោយឡែក​ សម្រាប់ជនពិការទាំង​ ៨៦នាក់​ ក្នុងម្នាក់ៗទទួលបាន​ ៖ ថវិកា ៥ម៉ឺនរៀល មុង១ ភួយ១ សារុង ១ ក្រមា១​ និងអាហារថ្ងៃត្រង់មួយពេល៕