(អាមេរិក)៖ ថ្លែងពីទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់កម្ពូជាក្នុងការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ សំដៅជំរុញវិស័យពិការភាពឱ្យដំណើរការទៅកាន់តែល្អប្រសើរ ស្របតាមស្ថានភាពវិវត្តនៃកម្ពុជា។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំសន្និសីទលើកទី១០ នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ (ម៉ោងនៅទីក្រុងញូវយ៉ក) នេះបើយោងតាមអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ពីទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។
លោក ឯម ច័ន្ទមករា បានឱ្យដឹងពីសហរដ្ឋអាមេរិកបន្ថែមទៀតថា៖ លោករដ្ឋមន្រ្តី វង សូត បានធ្វើការប្រកាសអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ពីការចាត់ទុក វិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពិការភាព តាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវារបស់មូលនិធិជនពិការ។
លោករដ្ឋមន្រ្តី វង សូត បានថ្លែងបន្តទៀតថា នៅក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយសមិទ្ធផលជាច្រើនបានកើតមានឡើងគួរអោយកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដូចជាការពិនិត្យឡើងវិញទៅលើការអនុវត្តនូវផែនការ យុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលបានផ្តល់នូវយុទ្ធសាស្រ្តចម្បងៗ ដោយផ្តោតទៅលើសេដ្ឋកិច្ចសង្គម និងសកម្មភាពវប្បធម៌ សុខភាព និងការស្តារ សម្បទាឡើងវិញរួមទាំងការអប់រំ ការទទួលបានការងារធ្វើ និងសេវាហេដ្ឋារចនាសម័្ពន្ធសាធារណៈ និងព័ត៌មានការចូលរួមនៅក្នុងសកម្មភាព នយោបាយ ស្រ្តីនិងកុមារពិការជាដើម។
ជារួមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ និងសូចនាករសំខាន់ៗ ដែលជាមូលដ្ឋានធានា អោយមានការធ្វើបរិយាប័ន្ន ប្រកបដោយវឌ្ឍនភាព និងលើកកម្ពស់ភាពថ្លៃថ្នូររបស់ជនពិការ។
ក្រៅពីនេះលោករដ្ឋមន្ត្រី វង សូត ក៏បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នមានក្រសួង ស្ថាប័នចំនួន១៩ ដែលបានបង្កើតក្រុមការងារពិការភាព ដែលជាទឡ្ហីករណ៍ បង្ហាញពីចេតនាដោះស្រាយនូវបញ្ហាប្រឈមនានា ដូចជា គោលការណ៍ណែនាំមធ្យោបាយងាយស្រួលថ្នាក់ជាតិ (accessibility guidelines) ចំនួនកូតាការងារសម្រាប់ជនពិការនៅក្នុងគ្រឹះស្ថានសាធារណៈ និងឯកជន គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ ជនពិការដោយរួមបញ្ចូល ទាំងស្រ្តីពិការ ការផ្តល់នូវឧបករណ៍ជំនួយដោយឥតគិតថ្លៃ និងការស្តារសម្បទា បទបញ្ញត្តិសម្របសម្រួលផ្នែកអាកាសចរណ៍ស៊ីវិលសម្រាប់ជនពិការ ការទទួលបានសេវាថែទាំសុខភាពសាធារណៈដោយឥតបង់ប្រាក់ ការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ជនពិការឱ្យចូលរួមនៅក្នុងសកម្មភាពវប្បធម៌ ការផ្តល់ប្រាក់លើកទឹកចិត្តក្នុងការអប់រំសម្រាប់សិស្សដែលជាជនពិការ ការផ្តល់នូវប័ណ្ណក្រីក្រសម្រាប់ជនពិការ និងគោលនយោបាយ ចង្អុលបង្ហាញអំពីការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធនានានៅថ្នាក់ក្រោមជាតិ។
លោក វង សូត ក៏បានបញ្ជាក់ពីការវិវត្តន៍របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរកានៃការពង្រឹងផ្នែកដឹកនាំ ការធ្វើផែនការ និងការសម្របសម្រួលតួនាទី ដែលមានសារៈសំខាន់ សំដៅធានាការស្តារឡើងវិញនៅមូលដ្ឋានសហគមន៍ប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលនូវការផ្តល់សេវាស្តារសម្រាប់ជនពិការ។
ឆ្លើយតបទៅនឹងអនុសញ្ញានេះផងដែរ ការផ្សព្វផ្សាយផ្នែកពិការភាព គឺជារបៀបវារៈគន្លឹះសំខាន់មួយក្នុងចំណោមរបៀបវារៈជាច្រើន សម្រាប់រាជរដ្ឋាភិបាល កម្ពុជានៅក្នុងការលើកកម្ពស់សមភាព និងការចូលរួមពេញលេញរបស់ជនពិការក្នុងគ្រប់វិស័យ លើសពីនេះទៀត ច្បាប់ស្តីពីការទទួលបានព័ត៌មាន ត្រូវបានព្រាងឡើង ច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលត្រូវបានកែតម្រូវដោយលុបចោលនូវចំណុចទាក់ទងនឹង «បេក្ខជនត្រូវមានកាយសម្បទាគ្រប់គ្រាន់» ការធ្វើវិសោធនកម្មទៅលើបទដ្ឋានសន្តិសុខសង្គម ដំណើរការជ្រើសរើសជនក្រីក្រសម្រាប់ផ្តល់ប័ណ្ណសម្គាល់ខ្លួននៅទីជនបទដាច់ស្រយាល ការកាត់បន្ថយគ្រោះមហន្តរាយហានិភ័យនានានៅតាមសហគមន៍ និងបទដ្ឋានកិច្ចការពារសង្គមឱ្យកាន់តែមានភាពទូលំទូលាយ នៅក្នុងការពិភាក្សាជាមួយអង្គការជនពិការ៕