(សៀមរាប)៖ អំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅតាមបរិវេណរមណីយដ្ឋានអង្គរ បានសម្រុកសាងសង់លំនៅដ្ឋានរបស់ខ្លួន រំលោភបំពានទៅនិងបំរាមរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារំលោភបំពានទៅនិងលក្ខខន្តិកៈរបស់អង្គការយូណេស្កូផងដែរ។ ការរីកសាយភាយនៃសំណង់ខុសច្បាប់ទាំងនេះ ធ្វើឲ្យអាជ្ញាធរជាតិអប្សរាព្រួយបារម្ភខ្លាំង ព្រោះវាអាចប្រឈមការដាក់ទណ្ឌកម្ម ណាមួយពីអង្គការយូណេស្កូ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងបញ្ជាក់ក្នុងបទសម្ភាសន៍ ជាមួយអង្គភាពព័ត៌មាន Fresh News ថា ក្នុងរយៈពេល ១៤ថ្ងៃនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានសំណង់ និងការចាក់ដីសាងសង់លំនៅដ្ឋានរហូតដល់ ៥២៣ករណី បានសាងសង់ឡើងនៅក្នុងតំបន់ទី១ និងទី២ នៅតាមបរិវេណជុំវិញរមណីយដ្ឋានអង្គរ។ បើតាមលោក ឡុង កុសល បើទោះបីមានការណែនាំ ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាយ៉ាងណាក្តី ក៏ប្រជាពលរដ្ឋមិនបានស្តាប់នោះឡើយ។
លោក កុសល បានបញ្ជាក់ដែរថា សំណង់ថ្មីៗទាំងនោះ មានទាំងស្ថិតនៅជិតៗប្រាសាទ ហើយខ្លះទៀតឆ្ងាយពីប្រាសាទ តែក៏បង្កផលប៉ះពាល់ដល់បុរាណដ្ឋានប្រវត្តិសាស្រ្តផងដែរ។
បើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះ បានបញ្ជាក់ថា សំណង់ទាំងអស់នេះ នឹងមិនអាចអនុញ្ញាតឲ្យមានវត្តបន្តទៀតបាននោះឡើយ ហើយបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានពិភាក្សាជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបរួចរាល់ហើយ ក្នុងការចុះទៅរុះរើលំនៅដ្ឋានទាំងអស់នោះ។
មានការរិះគន់ជាច្រើនថា អាជ្ញាធរជាតិអប្សរាមានការរឹតត្បិតខ្លាំង មិនឲ្យប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញបរិវេណ ប្រសាទអង្គរសាងសង់លំនៅដ្ឋាន? ឆ្លើយតបការរិះគន់នេះ លោក ឡុង កុសល បានថ្លែងថា អ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើនេះ មិនមែនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែអ្វីដែលកំពុងធ្វើនេះ គឺដើម្បីតែជាប្រយោជន៍ជាតិទាំងមូល ជាពិសេសគឺរក្សានូវកេត្យានុភាព របស់រមណីយដ្ឋានអង្គរដ៏ល្បាញល្បីរបស់ខ្មែរ។
លោក ឡុង កុសល បានពន្យល់ថា បន្ទាប់ពីប្រាសាទអង្គរបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ អង្គការយូណេស្កូ បានដាក់លក្ខខណ្ឌជាច្រើនឲ្យកម្ពុជាជាម្ចាស់ប្រាសាទ ថែរក្សាឲ្យបានល្អប្រសើរ ហើយប្រសិនបើកម្ពុជាមិនអាចធ្វើបានទេនោះ កម្ពុជា នឹងមិនអាចស្នើដាក់ប្រសាទដទៃទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ហើយក៏អាចប្រឈមការដកប្រសាទអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។
បើតាមលោក ឡុង កុសល ព្រោះតែឆន្ទៈក្នុងការរក្សាកេត្យានុភាពរបស់ប្រាសាទអង្គរ និងតំបន់ជុំវិញនោះហើយ ទើបថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ បានឡាយព្រះហស្ថលេខាចេញព្រះរាជក្រឹត្យជាលើកដំបូងក្រោយព្រះអង្គឡើងគ្រងរាជសម្បត្តិជាថ្មី កំណត់តំបន់គ្របដណ្តប់ជាង ៤០០គីឡូម៉ែត្រក្រឡា ដោយមានតាំងតំបន់ប្រាសាទបុរាណ និងសំណល់បុរាណវិទ្យា ជាតំបន់ចាំបាច់ត្រូវការពារក្នុងកម្រឹតខ្ពស់បំផុត។
បើទោះបីមានការកំណត់តឹងរឹងពីការសាងសង់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋាននេះយ៉ាងណាក្តី តែមិនមែនមានន័យថា ប្រជាពលរដ្ឋមិនអាចសាងសង់លំនៅដ្ឋាននោះទេ ប៉ុន្តែរាល់ការសាងសង់លំនៅដ្ឋាននេះ គឺទាមទារឲ្យមានការសុំច្បាប់ពីអាជ្ញាធរជាតិអប្សរាជាមុនសិន ដើម្បីអាជ្ញាធរអប្សរាពិនិត្យ និងសិក្សាឲ្យបានច្បាស់ថា តើតំបន់ដែលសាងសង់នោះ មានការប៉ះពាល់ដល់ប្រាសាទ ឬ តំបន់បុរាណវិទ្យាឬអត់? នេះបើតាមការបញ្ជាក់របស់លោក ឡុង កុសល។
លោក កុសល ក៏បានបញ្ជាក់ថា បើតាមព្រះរាជក្រឹត្យស្តីពីតំបន់អភិរក្ស នៅក្នុងបរិវេណប្រសាទអង្គរនោះ គឺហាមឃាត់មិនឲ្យប្រជាពលរដ្ឋរស់នៅក្នុងបរិវេណអង្គរលក់ដីធ្លីរបស់ពួកគេឲ្យទៅ អ្នកមកពីខាងក្រៅ ដើម្បីសាងសង់ជាភោជនីយដ្ឋាន ឬ កន្លែងបម្រើសេវាកម្សាន្តផ្សេងៗនោះឡើយ។
មុននឹងបញ្ចប់បទសម្ភាសន៍ជាមួយ Fresh News លោក ឡុង កុសល បានថ្លែងទៅកាន់ប្រជាពលរដ្ឋរស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសកុំឲ្យ មានការយល់ច្រឡំ និងគិតថា អាជ្ញាធរជាតិអប្សរាកំពុងឱបក្រសោបគ្រប់គ្រងដីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកថា អ្វីៗដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើ គឺដើម្បីជាប្រយោជន៍របស់ជាតិទាំងមូល។
លោក កុសល ក៏បានអំពាវនាវទៅល់ប្រជាពលរដ្ឋរស់នៅ បរិវេណរមណីយដ្ឋានអង្គរទាំងអស់ចូលរួម ថែរក្សាតំបន់ប្រាសាទអង្គរ និងតំបន់បុរាណវិទ្យា ដើម្បីរក្សាឲ្យបាននូវកេត្យានុភាព នៃតំបន់ប្រាសាទអង្គរ ដែលជាដួងព្រលឹងដ៏ល្បាញល្បីរបស់ជាតិខ្មែរ៕