(ភ្នំពេញ)៖ គ្រឿងសំអាងជាច្រើនមុខដែលក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ត្រេឌីងដែលមានអ្នកស្រីប៉ោ សុគន្ធ ជាម្ចាស់លួចនាំចូលយកមកលក់ចែកចាយនៅលើទីផ្សារ ដោយល្មើសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជអាជ្ញារងលី សុផាន់ណា ចុះឆែកឆេររកឃើញ និងរឹបអូសយកនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយប្រសិនបើសមត្ថកិច្ចមិនបង្ក្រាបបានទេ ច្បាស់ជាមានពលរដ្ឋមិនតិចនាក់ឡើយ ជាពិសេសបងប្អូននារីៗ នឹងរងនូវផលប៉ះពាល់ពីការប្រើផលិតផល ដែលច្បាប់ហាមឃាត់នេះភាគច្រើនបង្កអោយកើតជម្ងឺមហារីកស្បែកតែម្ដង។
លោកឧត្តមសេនីយ៏ ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលដឹកនាំកម្លាំងចូលរួមចុះ
បង្ក្រាបបទល្មើសខាងលើបានអោយដឹងថា ទីតាំងចំនួនពីរកន្លែងត្រូវបានចុះឆែកឆេរដែលទីតាំងទី១ ស្ថិតនៅ ផ្ទះលេខ១៥៩បេ
ផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដែលជាទីតាំងក្រុមហ៊ុនសុគន្ធ វឌ្ឍនៈ ត្រេឌីង និងមួយកន្លែងទៀតស្ថិតនៅ ផ្ទះលេខ
២៥៧សេ តាមបណ្ដោយផ្លូវទេពផន សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដែលជាសាខា ឈ្មោះម៉ាស្ទ័រ ប៊ីយូធី ។ក្នុងនោះនៅទីតាំងទាំងពីរ
កន្លែងខាងលើ សមត្ថកិច្ចបានរកឃើញ និងរឹបអូសផលិតផលគ្រឿងសំអាងម៉ាក TABITA ដែលច្បាប់ហាមឃាត់ជាច្រើនមុខ។
សូមបញ្ជាក់ថា យោងតាមខ្លឹមសារលិខិតរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ បានបញ្ជាក់ថា ពាក់ព័ន្ធ
ផលិតផលគ្រឿងសំអាងម៉ាកតាប៊ីតា(TABITA)នេះ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ក្រសួងសុខាភិបាលកម្ពុជា បានទទួលលិខិតប្រកាសអាសន្នរបស់ប្រទេសសឹង្ហបូរីស្ដីពីប្រតិកម្មរំខាន និងផលប៉ះពាល់របស់ផលិតផល គ្រឿងសំអាងខុសច្បាប់ម៉ាកTABITA ដែលដាក់លក់តាមប្រព័ន្ធអនឡាញ ដែលសារធាតុផ្សំនៅក្នុងគ្រឿងសំអាងនេះ បានធ្វើអោយប៉ះពាល់ ដល់អ្នកប្រើប្រាស់យ៉ាងខ្លាំង ជាពិសេសពាក់ព័ន្ធមហារីកស្បែកតែម្ដង។ ដូច្នេះហើយទើបក្រសួងសុខាភិបាល ធ្វើការហាមឃាត់ មិនអោយនាំចូលគ្រឿងសំអាងម៉ាក TABITA នេះយកមកលក់ចែកចាយនៅក្នុងប្រទេសកម្ពុជាឡើយ៕