(ភ្នំពេញ)៖ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារវិស័យសារព័ត៌មានក្នុងជួរកងទ័ព ពិសេសក្នុងជួរនាយទាហានវ័យក្មេងដែលជាប្រភពបន្តវេនទៅថ្ងៃអនាគត។
នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គនោះ បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យសារព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ជាកញ្ចក់ឆ្លុះបញ្ចាំងព្រឹត្តិការណ៍សំខាន់ៗជូនទៅសាធារណជន ប្រជាពលរដ្ឋ បានដឹង ហើយបានលាតត្រដាងនូវព័ត៌មានពិត ទាន់ហេតុការណ៍ និងគ្រប់ជ្រុងជ្រោយនៃសង្គម។
នាយឧត្តមសេនីយ៏ ឥត សារ៉ាត់ បានបញ្ជាក់ថា «លទ្ធផលដែលសម្រេចបានកន្លងមកនេះក៏អាស្រ័យដោយមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំប្រឹងប្រែងរួមគ្នារបស់នាយទាហានជំនាញ រួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលតែងតែគាំទ្រ លើកទឹកចិត្ត ក្នុងការស្តារ អភិវឌ្ឍសមត្ថភាពវិស័យសារព័ត៌មានឲ្យមានវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់»។
ឧត្តមសេនីយ៏ទោ អ៊ុក សារឹម នាយករងទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ និងជាប្រធានគ្រប់គ្រងវគ្គបណ្តុះបណ្តាលនេះ បានរាយការណ៍ឲ្យដឹងថា វគ្គរៀនសូត្រមានរយៈពេល ៥៨ថ្ងៃ មានកម្មសិក្សាសរុប ៤៨នាក់ ដោយសិក្សាលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងលើមុខជំនាញសារព័ត៌មាន បច្ចេកទេសដំឡើងរូបភាព ការបញ្ជូនរូបភាព និងដោយមានបញ្ចូលទាំងកិច្ចការរដ្ឋបាលមួយចំនួនផងដែរ៕