(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្ដល់អនុសាសន៍ និងរៀបរាប់ពីផែនការយុទ្ធសាស្រ្តទាំង៥ របស់ក្រសួងការងារ បញ្ជ្រាបដល់ក្រុមសកម្មជនយុវជនផ្នែក៧១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ ដើម្បីត្រៀមខ្លួនបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជន ប្រកបដោយភាពរុងរឿង និងសុខសាន្ត។
អនុសាសន៍ទាំងនោះ ត្រូវបានធ្វើឡើងនាឱកាសលោករដ្ឋមន្រ្តី អនុញ្ញាតឱ្យវាគ្មិនយុវជនទំពំាងស្នងឫស្សី នៃក្រុមសកម្មជនយុវជនផ្នែក៧១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ពីលោករដ្ឋមន្រ្តី នូវចំណេះដឹង បទពិសោធន៍ ដើម្បីឱ្យវាគ្មិនយុវជនទំពំាងស្នងឫស្សី មានសមត្ថភាព ឆន្ទៈ និងសក្តានុពលពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការការពារសមិទ្ធផល និងសច្ចធម៌ប្រវត្តិសាស្ត្ររបស់យុវជនជំនាន់មុន នៅទីស្ដីការក្រសួងការងារ។
លោករដ្ឋមន្រ្តីបានលើកឡើងពីវឌ្ឍនភាពរបស់ក្រសួងការងារ ដល់យុវជនផងដែរ ដោយផ្តោតសំខាន់លើផែនការយុទ្ធសាស្រ្តទាំង៥ រួមមាន៖
១៖ ក្រសួងបានជំរុញឱ្យមានសុខដុមរមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងធានាសិទ្ធិជាមូលដ្ឋានតាមបទដ្ឋានអន្តរជាតិ។
២៖ ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានយកចិត្តទុកដាក់ សំដៅបង្កើនគុណភាពអប់រំ ដើម្បីឲ្យមានការទទួលស្គាល់សមត្ថភាព ទាំងក្នុងប្រទេស និងតំបន់។
៣៖ ការពង្រឹងវិស័យមុខរបរ និងការងារ ធ្វើយ៉ាងណាដោះស្រាយបញ្ហាការងារ ដើម្បីពង្រីកវិសាលភាពទីផ្សាការងារ ដោយបច្ចុប្បន្ន ក្រសួងមានមជ្ឈមណ្ឌលការងារតាមខេត្តចំនួន១២ ហើយយើងក៏បានបង្កើតវេទិការការងារ និងពិព័រណ៍ការងារ នៅតាមបណ្តារាជធានី-ខេត្តផងដែរ។
៤៖ ក្រសួងបានរៀបចំប្រព័ន្ធសន្តិសុខសង្គម ធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយសមធម៌ និងសេចក្តីថ្លៃថ្នូរ
៥៖ ក្រសួងបានយកចិត្តទុកដាក់លើ ការកែប្រែឥរិយាបទការងារ សំដៅបង្កើនប្រសិទ្ធភាព និងទំនួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាជន។
លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ ដល់យុវជនទំពាំងស្នងឫស្សី នៃក្រុមសកម្មជនយុវជនផ្នែក៧១ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើយ៉ាងណាខិតខំបន្តអនុវត្តសកម្មភាពសង្គមនានា បន្តការបណ្តុះបណ្តាលជំនាញ និងបន្តកិច្ចសហការជាមួយដៃគូអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនចូលរួមវគ្គបណ្តុះបណ្តាលនានា ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងត្រូវចេះពង្រឹងសាមគ្គីភាពក្រុម ស្រឡាញ់ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕