(ពោធិ៍សាត់)៖ ដោយយោងតាមរបាយការណ៍ ពីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (Propyl Para Hydroxy Penzoate) ប្រើក្នុងផលិតផលម្ហូបអាហារ មាននៅក្នុងផលិតផល គ្រឿងផ្សំ ប្រេងខ្យងម៉ាក Yuan's ជាសារធាតុគីមីសម្រាប់ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង។
ហេតុនេះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ លោក តូច ចៅកុយ បានឲ្យមន្រ្តីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងតាមម៉ាតមួយចំនួន កំពុងតាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's ពីក្រៅប្រទេស។
មន្រ្តីកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា មន្រ្តីជំនាញបានចុះពិនិត្យទំនិញនៅក្នុងហាង Heng Heng Mart, Bonjour Mart , Tela Mart, ដេប៉ូ ចែ ម៉ាក់ ដើម្បីស្រាវជ្រាវត្រួតពិនិត្យទប់ស្កាត់ ទៅលើផលិតផលម្ហូបអាហារ ស្តីពីការកឃើញសារធាតុគីមីហាមឃាត់ (propyl para hydroxy benzoate ) ប្រើក្នុងផលិតផលម្ហូបអាហារ នៅក្នុងផលិតផលគ្រឿងផ្សំរសប្រេងខ្យងម៉ាកYuan's។
បើតាមមន្រ្តីដដែលនេះ វាជាសារតុគីមីសំរាប់ថែរក្សាផលិតផលឲ្យមានអាយុកាលវែង តែមិនមានចរាចរណ៍នៅផ្សារខាងលើនោះទេ។ យ៉ាងណាក៏ដោយ បន្ទាប់ពីត្រួតពិនិត្យក្រុមមន្រ្តីបានរឹបអូសផលិតផលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនដូចជា៖ ភេសជ្ជៈ SAMURAJ ចំនួន៨៤០ដប, ភេសជ្ជៈ Fanta ចំនួន៧៨ដប, នំចំរុ ស្ករគ្រាប់ ចាហួយដូង(ដាំងខ្វា)ចំនួន៣៩.៥ Kgs៕