(ថៃ)៖ មន្រ្តី និងតំណាងសហគមន៍នៅបឹងទន្លេសាបកម្ពុជា និងទន្លេសុងខ្លា ខេត្តផាថាលុង ប្រទេសថៃ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានថតផ្តិតយករូបភាពជាវីដេអូឃ្លីប នៅក្នុងអំឡុងពេលពួកគេ ចូលរួមក្នុងសិក្ខាសាលស្តីពី ការចែករំលែកចំណេះដឹង តាមរយៈវីដេអូ ដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គ (MRC)។ ពួកគេបានថតខ្សែរឿង អំពីជោគជ័យនៃតំបន់អភិរក្ស ដែលស្ថិតនៅផ្នែកកណ្តាល នៃអាងទន្លេសុងខ្លា នៃជ្រោយឧបទ្វីបម៉ាឡេ ចម្ងាយប្រមាណ៩២០គីឡូម៉ែត្រ ភាគខាងត្បូងក្រុងបាងកក។
ការចែករំលែកចំណេះដឹងតាមរយៈវីដេអូ ជំរុញសហគមន៍ឲ្យធ្វើសកម្មភាពកែលម្អការគ្រប់គ្រងបឹងទន្លេសាប ប្រទេសកម្ពុជា និងបឹងសុងខ្លា ខេត្តផាត់តាលុង។
វីដេអូឃ្លីបនោះមានខ្លឹមសារថា មុនពេលថ្ងៃរះ អ្នកស្រី យ៉ៃនុប រីតតូ រូតរះចេញទៅនេសាទនៅទន្លេសុងខ្លា ដែលជាអាងទឹកធម្មជាតិធំជាងគេរបស់ប្រទេសថៃ។ ស្នាមញញឹមដ៏ស្រស់ស្រាយលេចត្រដែត លើផ្ទៃមុខរបស់ស្រ្តីអ្នកនេសាទរូបនេះ ភ្លាមៗ បន្ទាប់ពីអ្នកស្រីឃើញមានត្រី និងបង្គាទឹកសាបជាច្រើនជាប់ក្នុងសំណាញ់។ នេះបង្ហាញថា ការនេសាទរបស់អ្នកស្រីទទួលបានផលល្អជាទីគាប់ចិត្ត។
ថ្លែងទៅកាន់ក្រុមអ្នកថតវីដេអូ ស្រ្តីអ្នកនេសាទ អាយុ៤៣ឆ្នាំ មកពីភូមិបានចុងហ្វឺន ខេត្តផាតាលុង ពោលដោយញញឹមថា «ខ្ញុំនេសាទត្រី និងបង្គាបានពី៥ទៅ១០គីឡូក្រាម ជារៀងរាល់ថ្ងៃ។ ចំនួននេះ ច្រើនជាង៥ដង បើធៀបទៅនឹង៨ឆ្នាំមុន នៅពេលដែលខ្ញុំទើបចាប់ផ្តើមនេសាទ។ ការកើនឡើងនេះ បានជួយឲ្យខ្ញុំមានលទ្ធភាពសងបំណុល និងផ្គត់ផ្គង់ការរៀនសូត្ររបស់កូនប្រុសខ្ញុំបាន»។
អ្នកស្រីបន្តថា តំបន់សហគមន៍អភិរក្សត្រី បានធ្វើឲ្យចំនួនត្រីកើនឡើង ដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ក្នុងភូមិរបស់អ្នកស្រី ដែល៨០ភាគរយ នៃប្រជាជន២៦០គ្រួសារ គឺជាអ្នកនេសាទខ្នាតតូច ឬលក្ខណៈគ្រួសារ។
តំបន់អភិរក្សមច្ឆជាតិ ដែលមានលាតសន្ធឹងលើផ្ទៃទឹកប្រវែង ៣គីឡូម៉ែត្រ ត្រូវបានបង្កើតឡើង និងគ្រប់គ្រងរួមគ្នាដោយប្រជាជនមកពីភូមិបានចុងហ្វឺន តាំងពីឆ្នាំ១៩៩១មក។ តំបន់នេះមានគោលបំណងជួយដល់អ្នកនេសាទខ្នាតតូច ដោយបានហាមឃាត់យ៉ាងតឹងរ៉ឹង ចំពោះឧបករណ៍នេសាទល្មើសច្បាប់។ កន្លែងនេសាទ និងកន្លែងហាមឃាត់ការនេសាទត្រូវបានកំណត់។ ដើម្បីបង្កើនបរិមាណផលស្តុកត្រី និងបង្គាចំនួន ១៥ប្រភេទ ត្រូវបានលែងចូលទៅក្នុងទន្លេនេះ៤លើក ក្នុងមួយឆ្នាំ។
ជាលទ្ធផលយោងតាមប្រធានភូមិ លោក សារ៉ាវុធ ជូជើន ផលស្តុកបន្តកើនឡើងជាលំដាប់ ហើយ៩០ភាគរយ នៃការនេសាទល្មើសច្បាប់ ត្រូវបានកាត់បន្ថយ។ អ្នកនេសាទបានទទួលផលនេសាទច្រើនជាងមុន ទាំងចំនួនត្រី និងទំហំត្រី ហើយពួកគេបានបែកចែកចំណូលមួយភាគ សម្រាប់ទ្រទ្រង់តំបន់អភិរក្សនេះ។
លោក ហោ សំអាត អនុប្រធានសហគមន៍នេសាទរហាល ដែលជាសមាជិកនៃក្រុមថតវីដេអូ បានថ្លែងថា «ខ្ញុំស្ងើចសរសើរចំពោះសមិទ្ធផលនានា ដែលតំបន់អភិរក្សត្រីនេះសម្រេចបាន។ វាជំរុញឲ្យខ្ញុំប្រឹងប្រែងបន្ថែមទៀត ដើម្បីជាប្រយោជន៍របស់សហគមន៍ខ្ញុំ។ ខ្ញុំនឹងផ្សព្វផ្សាយដល់ប្រជាសហគមន៍ និងស្ថាប័នរដ្ឋាភិបាល ដើម្បីឲ្យមានកិច្ចសហការ និងការគ្រប់គ្រងកន្លែងអភិរក្សត្រីរបស់យើង ឲ្យបានប្រសើរជាងមុន ដើម្បីស្តារធនធានជលផលរបស់យើងឡើងវិញ»។
សិក្ខាសាលាចែករំលែកចំណេះដឹងតាមរយៈវីដេអូនេះ ត្រូវបានរៀបចំឡើងនៅក្រោមគម្រោងកិច្ចសហប្រតិបត្តិការ រវាងបឹងទន្លេសាប និងបឹងសុងខ្លារបស់ MRC ពីថ្ងៃទី១៤-១៧ ខែមីនា នៅទន្លេសុងខ្លា។ នេះជាសកម្មភាពមួយនៃកិច្ចផ្តួចផ្តើមផ្លាស់ប្តូរចំណេះដឹង តាមរយៈវីដេអូដែលមានការចូលរួមពីភាគីពាក់ព័ន្ធ។ កិច្ចផ្តួចផ្តើមនេះ បានចាប់ផ្តើមអនុវត្ត កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីលើកកម្ពស់ការចែករំលែកចំណេះដឹង អំពីអភិបាលកិច្ចគ្រប់គ្រងទន្លេរវាងបឹងទាំងពីរនេះ។
បន្ថែមលើវីដេអូឃ្លីបស្តីពី និរន្តរភាពជលផល ក្រុមអ្នកអនុវត្តគម្រោងក៏បានផលិតវីដេអូ២ផ្សេងទៀតផងដែរ អំពីតួនាទីយុវជន ក្នុងការលើកកម្ពស់វិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ស្រ្តីក្នុងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ។ ក្នុងពេលដែលស្រ្តី និងយុវជនដើរតួយ៉ាងសកម្មជាអ្នកតស៊ូមតិ សម្រាប់ដោះស្រាយបញ្ហាទាំងនេះ នៅបឹងសុងខ្លា ក្រុមកម្ពុជាបានលើកឡើងថា ការចូលរួមរបស់ក្រុមទាំងពីរនេះ នៅបឹងទន្លេសាប នៅមានចំនួនតិចតួចនៅឡើយ។ ការរៀនសូត្ររួមគ្នានេះ បានលើកទឹកចិត្តឲ្យពួកគេធ្វើសកម្មភាពច្រើនថែមទៀត ដើម្បីបំពេញកង្វះខាត។
លោក ស៊ិន វិសិទ្ធិ ប្រធាននាយកដ្ឋានត្រូតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស នៃអាជ្ញាធរទន្លេសាបរបស់កម្ពុជា បានថ្លែងថា «យើងនឹងធ្វើការតស៊ូមតិ ដើម្បីឲ្យយុវជន និងស្រ្តីកាន់តែច្រើនថែមទៀត ចូលរួមពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងទឹក និងធនធានធម្មជាតិផ្សេងទៀតរបស់យើង»។ ដើម្បីលើកកម្ពស់ការចែករំលែកចំណេះដឹង និងការពិភាក្សាអំពីបញ្ហានានា ដែលមានក្នុងវីដេអូការបញ្ចាំងវីដេអូជាសាធារណៈ ត្រូវបានរៀបចំឡើងនៅក្នុងសហគមន៍នៅខេត្តផាថាលុង នៃបឹងសុងខ្លា ដើម្បីផ្តល់ជាព័ត៌មានដល់ប្រជាជនមូលដ្ឋាន។
អ្នកចូលរួមទស្សនាវីដេអូ បាននិយាយថា វីដេអូទាំងនេះបានជួយពួកគេឲ្យមានការយល់ដឹងច្រើនថែមទៀត អំពីការលំបាកនានា ដែលប្រឈមចំពោះមុខសហគមន៍ និងរបៀបដោះស្រាយការប្រឈមទាំងនោះ។ ពួកគេសង្ឃឹមថា នឹងបានរៀនសូត្រថែមទៀតអំពីការចិញ្ចឹមជីវិត និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន នៃប្រទេសកម្ពុជា និងប្រទេសថៃ។
កាលពីខែវិច្ឆិកា ឆ្នាំមុន គម្រោងបឹងទន្លេសាប និងសុងខ្លា បានរៀបចំសិក្ខាសាលាបំប៉នជំនាញផ្នែកផលិតវីដេអូនៅកម្ពុជា ដែលក្រុមអ្នកអនុវត្តគម្រោងទាំងពីរ បានផលិតវីដេអូឃ្លីបចំនួនបួន អំពីបញ្ហានានានៃការគ្រប់គ្រងធនធានទឹកនៅបឹងទន្លេសាប។ ក្រុមទាំងនេះនឹងប្រែសម្រួល និងដាក់បញ្ចាំងវីដេអូទំាងនេះ ជាសាធារណៈនៅតាមសហគមន៍ នៃបឹងទាំងពីរនេះ។
ក្រោមជំនួយហិរញ្ញវត្ថុពីធនាគារពិភពលោក គម្រោងផ្សព្វផ្សាយនៃអាងបឹងទន្លេសាប និងបឹងសុងខ្លា គឺជាគម្រោងមួយក្នុងចំណោមគម្រោងទ្វេភាគីចំនួន៥ ដែលមានគោលដៅលើកកម្ពស់ការសន្ទនា និងកិច្ចសហការរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម ពោលគឺកម្ពុជា ឡាវ ថៃ និងវៀតណាម៕