(ភ្នំពេញ)៖ លោក ហ៊ុន សុខា នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញមុខបដិសេធថា រូបលោកមិនបានជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុន «កែបរៀលធី អ៊ិនធើណេសិនណល Co,Ltd» ដែលរំលោភយកដីរបស់ពលរដ្ឋ នៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាង៦ហិកតានោះទេ។
លោក ហ៊ុន សុខា បានអះអាងថា លោកគ្រាន់ជាអ្នកកាសែត ចុះទៅយកព័ត៌មាននៅកន្លែងកើតហេតុតែប៉ុណ្ណោះ ហើយពេលចុះទៅប្រជាពលរដ្ឋឃើញ ដោយស្មាន់ថា រូបលោកចូលដៃជាមួយក្រុមហ៊ុន ប៉ុន្ដែធាតុពិតលោកមិនជាប់ពាក់ព័ន្ធអ្វីនោះទេ។
សូមជម្រាបថា ប្រជាពលរដ្ឋជាម្ចាស់ដីលោក ហេង សូនី ហៅ យ៉ាំង ចំរើន បានអំពាវនាវស្វែងរកយុត្តិធម៌អន្តរាគមន៍ ពីអាជ្ញាធរគ្រប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខ ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ក្រោយពីរូបលោក ជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីធ្លីមួយកន្លែង ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាង៦ហិកតា ត្រូវជួបនូវការរំលោភយក ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលើដីនោះ ទាំងភ្នែកស្រស់ៗតែម្តង។
ម្ចាស់ដីរងគ្រោះបានប្រាប់អង្គភាព Fresh News ឲ្យដឹងថា លោក តឹក ង៉ូយ តំណាងឲ្យក្រុមហ៊ុន «កែបរៀលធី អ៊ិនធើណេសិនណល Co,Ltd» កន្លងមក បានចរចាចំនួន៤លើក សុំទិញដីដែលរំលោភ ប្រមាណជាង៦ហិកតាខាងលើនេះ ពីរូបលោកតែមិនត្រូវគ្នា។ លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៣រសៀលលោក តឹក ង៉ូយ និងឈ្មោះ ហ៊ុន សុខា មានឈ្មោះដើម ហោ សុខា ហៅមិត្ត ដែលគ្មានដីបន្តិច ឬក៏ពាក់ព័ន្ធលើដីនោះបន្តិចណាសោះ ចេញមុខកាង ក្នុងនោះមានលោកប្រធានភូមិកណ្តាល ឈ្មោះ វង់ ឆេ ម្នាក់ផងបានឃុបឃិតគ្នា ដោយជួលកម្មករប្រមាណ១១នាក់ ក្នុងម្នាក់ថ្លៃឈ្នួល១០ដុល្លារ ឲ្យបាយ៣ពេល បានផ្លោះរបង ធ្វើសកម្មភាពរំលោភទាំងបំពាន យកដីដែលមានកម្មសិទ្ធិស្របច្បាប់ និងអាស្រ័យផលជាក់ស្ដែង របស់លោកដោយបោះបង្គោលនៅក្នុងដីនោះទាំងកំរោល៕