(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់ចំពោះម្ចាស់ Facebook ដែលបានបង្ហោះញុះញង់បង្ខូចកេរ្តិ៍ឈ្មោះ ស្ថាប័ន គ.ជ.ប ស្ថិតក្រោមការគ្រប់គ្រងរបស់បរទេស ទាក់ទងការចេញផ្សាយបណ្ដោះអាសន្ន នៃចំនួនអ្នកបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
ក្នុងលិខិតបំភ្លឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ជាស្ថាប័នឯករាជ្យ គោរពច្បាប់ អនុវត្តតាមច្បាប់ និងបំពេញការងារដោយតម្លាភាព គ្មានការជ្រៀតជ្រែកពីស្ថាប័នណាមួយឡើយ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ពោលមិនដូចអ្វីដែលបានបង្ហោះផ្សាយលើ Facebook អគតិទាំងនោះឡើយ ហើយបានច្រានចោលរាល់ការបង្ហោះផ្សាយបំភ្លៃ បំភ័ន្ត បង្កាច់បង្ខូចនោះទាំងស្រុង។
សេចក្ដីបំភ្លឺបានចង្អុលប្រាប់ថា Facebook ដែលបានបង្ហោះផ្សាយថា គ.ជ.ប ជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់បរទេសនោះ រួមមាន Facebook ឈ្មោះ KH Khmer, ឈ្មោះ Real News ជាដើម។
សូមរំឭកដែរថា នៅអំឡុងពេលចេញផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ រួចមក គេសង្កេតឃើញថា បណ្ដាញសង្គម Facebook មួយចំនួន បានចេញផ្សាយព័ត៌មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់ ក្នុងន័យមូលបង្កាច់ បំភ្លៃ បំភ័ន្តឲ្យប្រជាពលរដ្ឋអស់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ដែលជាហេតុនាំឲ្យមានការយល់ច្រឡំជាហូរហែ។ ឆ្លើយតបនឹងបំណងដ៏ស្មោគគ្រោគទាំងនោះ គ.ជ.ប បានចេញសេចក្ដីបំភ្លឺពន្យល់ភ្លាមៗជាបន្តបន្ទាប់វិញផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ គ.ជ.ប ក៏បានអំពាវនាវដល់បណ្ដាសារព័ត៌មាន បណ្ដាញសង្គមទាំងអស់នោះ ត្រូវបញ្ឈប់ជាបន្ទាន់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណា ដែលញុះញង់នាំឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើស្ថាប័នឯករាជ្យ និងអព្យាក្រឹតមួយនេះតទៅទៀត៕