(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប៉ុន្មាននាទីមុននេះ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បានពន្យល់អំពីការតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជាជំនួស លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ ជាមួយគ្នានេះ សម្តេចក៏បានប្រតិកម្មទៅនឹងការលើកឡើងរបស់មន្រ្តីមួយចំនួន នៅលើកាសែតខេមបូឌាដេលីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការមុននេះបន្តិចយ៉ាងដូច្នេះ៖ «តើនាយករដ្ឋមន្ត្រី មានសិទ្ធិបដិសេធ សំណើរបស់រដ្ឋមន្រ្តីក្នុងការសុំ តែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រី ជំនួសមន្ត្រីដែលខ្លួន មិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រី មានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រី ដែលហៅទូរស័ព្ទ ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រី ពិគ្រោះយោបល់ជាមួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មាន សុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោក កឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ? (សុំមើលលិខិតក្រសួងមុខងារ សាធារណៈនិងចំណារនាយករដ្ឋមមន្រ្តី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា (បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា) ឬទេ ? បានជាម្នាក់និយាយថា ការតែងតាំងនេះចេញពីណា? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ។ ( សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ )។ បើពុំមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ ព្រះអង្គនឹងមិន ឡាយព្រះហស្តលេខាទេ។ សុំចងចាំ កុំល្ងង់ពេក។ ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី និងច្បាប់ផ្សេង ទៀតដែលទាក់ទង ដល់ការងារគ្រប់គ្រងរដ្ឋ?»។
សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានចេញព្រះរាជក្រឹត្យតែងតាំង លោក ឃឹម វុទ្ធី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្ត។ នៅក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របានបញ្ជាក់ថា ការតែងតាំងនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕