(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការបញ្ចប់កិច្ចស៊ើបសួរលើ សំណុំរឿង០០៤/០១ លើ យឹម ទិត្យ ក្រោយធ្វើឡើងរយៈពេល៨ឆ្នាំ។
សេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា «ការបិទបញ្ចប់កិច្ចស៊ើបសួររបស់តុលាការ ដែលបានធ្វើឡើងអស់រយៈពេលជាង៨ឆ្នាំ លើ យឹម ទិត្យ ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ កិច្ចស៊ើបសួរលើ យឹម ទិត្យ បានបើកកិច្ចដំណើរការនីតិវិធីបន្ទាប់ពីទទួលបានដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលើកទី៣ ដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០០៨។ ក្រោយមក សំណុំរឿង ០០៤ បានពង្រីកវិសាលភាពតាមរយៈដីកាសន្និដ្ឋាន បញ្ជូនរឿងឲ្យស៊ើបសួរបន្ថែមដែលសហព្រះរាជអាជ្ញាអន្តរជាតិ បានដាក់ជាបន្តបន្ទាប់នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១១ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៤ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥»។
យ៉ាងណាមិញ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បន្ថែមថា កិច្ចស៊ើបសួរលើ អ៊ឹម ចែម នៅក្នុងសំណុំរឿង ០០៤ បានបំបែកកិច្ចដំណើរការនីតិវិធី ដោយបង្កើតជាសំណុំរឿង ០០៤/០១ ហើយបានលើកលែងការចោទប្រកាន់តាមរយៈដីកាដំណោះស្រាយ ចុះថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៧។ កិច្ចស៊ើបសួរលើ អោ អាន នៅក្នុងសំណុំរឿង ០០៤ បានបញ្ចប់នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៦ ហើយបានបំបែកកិច្ចដំណើរការនីតិវិធីនៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៦ ដោយបង្កើតជាសំណុំរឿង ០០៤/០២។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ បានចេញសេចក្តីជូនដំណឹងលើកទីពីរអំពីការបិទកិច្ចស៊ើបសួរនេះ។ ភាគីនៅក្នុងសំណុំរឿង ០០៤/០២ បានដាក់ឯកសារមួយចំនួន បន្ទាប់ពីមានការជូនដំណឹងអំពីការបិទកិច្ចស៊ើបសួរ ហើយឥឡូវនេះ កំពុងរង់ចាំសេចក្តីសម្រេចនៅចំពោះមុខអង្គបុរេជំនុំជម្រះ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានផ្លូវការ ដែលមានខ្លឹមសារទាំងស្រុង៖