(បន្ទាយមានជ័យ)៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថខែមិថុនា ទិសដៅបន្ដ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យថ្នាក់ដឹកនាំ តាមបណ្ដាអង្គភាពទាំងអស់ក្នុងខេត្ត ត្រូវពង្រឹងការងារ និងការគ្រប់គ្រង់ចំនួនទ័ពឲ្យបានម៉ឺងម៉ាត់។
ក្នុងពិធីដែលមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ កងអនុសេនាធំលេខ១៦ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន១១៨នាក់នោះ លោកមេបញ្ជាការ បានបញ្ជាក់យ៉ាង ដូច្នេះថា «តាមបណ្ដាអង្គភាពនីមួយៗ ត្រូវពង្រឹងការងារនិងគ្រប់គ្រងចំនួនទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តន៍វិធានការផ្ទៃក្នុង០៩ចំណុច របស់កងរាជអាវុធហត្ថ ព្រមទាំងធ្វើផែនការបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថក្នុងអង្គភាពនីមួយៗ ជាពិសេសបន្តការចុះយកព័ត៌មាន និងថតយកសកម្មភាពស្នាដៃអាវុធហត្ថ ដែលធ្វើបានដើម្បីផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផងដែរ»។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បន្តទៀតថា គ្រប់អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីសិទ្ធិមនុស្ស និងក្រមសីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងបន្តការផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដាក់ជូន ព្រមទាំងបន្តការងារមនុស្សធម៌ និងចុះសួរសុខទុក្ខក្រុមគ្រួសារអាវុធហត្ថជួបការលំបាក។
ជាចុងបញ្ចប់ មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យរូបនេះ បានធ្វើការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ នៅថ្នាក់ក្រោមជាតិ និងអនុវត្តន៍តួនាទី ភារកិច្ច របស់ខ្លួនបានដោយរលូនផ្អែកលើនីតិវិធី បទបញ្ញត្តិ និងបទបញ្ជារបស់ថ្នាក់លើផងដែរ៕