(ឧត្តរមានជ័យ)៖ លោក ពេជ្រ ភារម្យ ប្រធានស្នាក់ការកាំកុងត្រូលច្រកទ្វារអូរស្មាច់ បានសហការជាមួយមន្ត្រីឈរជើងនៅច្រកទ្វារជាច្រើនរូបឆ្មក់ចាប់សាច់មាន់ ឆ្អឹងមាន់ និងជង្គង់មាន់ ១០ថង់ធំ ស្មើនឹង ១០០គីឡូក្រាម ពេលឈ្មួញបង្កប់ក្នុងរទេះនាំពីប្រទេសថៃ តាមច្រកទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ពេជ្រ ភារម្យ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News ប្រចាំខេត្តឧត្តរមានជ័យថា «មន្ត្រីកាំកុងត្រូយើងដែលប្រចាំការនៅច្រកទ្វារ អូរស្មាច់ បានត្រួតពិនិត្យលើរទះអូសទំនិញដោយឃើញមានបង្កប់នូវសាច់មាន់ ឆ្អឹងមាន់ខូចគុណភាពមានចំនួន ១០ថងធំ ស្មើនឹង ១០០គីឡូក្រាម ដែលមានម្ចាស់ឈ្មោះ ភត់ ភុំ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ ក្រោយពេលចាប់ទំនិញខូចគុណភាព និងអ្នកដឹកជញ្ជូនហើយខាង មន្ត្រីយើងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការនាំចូលបែបនេះទៀត បើសិនជាមាននាំចូលលើកក្រោយទៀតម្ចាស់សាច់មាន់ខាងលើនេះសុខចិត្ត ប្រគល់ខ្លួនឲ្យសមត្ថកិច្ចកាំកុងត្រូលចាត់ការតាមនិតិវិធីច្បាប់»។
លោក ពេជ្រ ភារម្យ បានបន្តថា ក្រោយពីធ្វើកិច្ចសន្យាសមត្ថកិច្ចជំនាញយើង បានប្រមូលយកសាច់មាន់ ឆ្អឹងមាន់ ខូចគុណភាពទៅដុតកម្ទេចចោលទាំងអស់តែម្តង។ លោក ពេជ្រ ភារម្យ សូមអំពាវនាដល់អាជីវករប្រជាពលរដ្ឋមុន និងទិញមុខម្ហូប មុខទំនិញអ្វីទាំងអស់ ដែលយកទៅលក់ដូរបន្តសូមធ្វើការពិនិត្យទំនិញ ឲ្យបានច្បាស់លាស់ចៀសវាងប៉ះចំទំនិញខូចគុណភាព ដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និង ប៉ះពាល់ដល់សុខភាពខ្លួនឯងហើយនាំ ឲ្យខ្លួនឯងប្រឈមមុខនឹងច្បាប់ទៀតផង៕