(ព្រះវិហារ)៖ យ៉ាងហោចណាស់មាន សិស្សានុសិស្ស៧នាក់ នៅសាលាបឋមសិក្សាស្រុកឫស្សី ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ បានក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីពួកគេ បានទទួលទានផ្លែឪឡឹក ដែលដាក់លក់ នៅក្នុងបរិវេនសាលានេះ។
ឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សិស្សសាលាដែលរង ការពុលនោះ មានចំនួន៧នាក់ ក្នុងនោះមាន ប្រុស៤នាក់ ស្រី៣នាក់ ហើយថា លោកបានចាត់ឲ្យកម្លាំងនៃអធិការនគរបាលស្រុកឆែប ដើម្បីចុះធ្វើការស្រាវជ្រាវ និងចុះពិនិត្យមើលស្ថានភាព សិស្សទាំងនោះរួចហើយ នៅមណ្ឌលសុខភាពឆែប។
លោកស្នងការបានបញ្ជាក់ថា មុនចេញមកផ្ទះ ម៉ោងចេញលេងចុងក្រោយ សិស្សទាំងនោះបាននាំគ្នាទិញផ្លែឪឡឹក ដែលមានគេលក់ក្នុង បរិវេណសាលានោះញ៉ាំ បន្ទាប់ពី ញ៉ាំហើយក៏បានចូលរៀនធម្មតា លុះដល់ម៉ោងចេញមកផ្ទះ ស្រាប់តែសិស្សទាំងនោះ មានអាការៈក្អួត ចង្អោរ ទន់ខ្លួន ភ្លាមៗនោះត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពឆែប ដើម្បីជួយសង្រ្គោះ រហូតមកដល់ពេលនេះ ជនរងគ្រោះមាន សភាពធម្មតាហើយ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញ ក៏បានយកផ្លែឪឡឹកទៅពិនិត្យផងដែរ រហូតសមត្ថកិច្ចពុះហូបតែមិនមានបញ្ហាអ្វីនោះទេទេ ហើយសមត្ថកិច្ចជំនាញ បានហៅអ្នកលក់យកមកសួរនាំ ផងដែរ។
លោកវេជ្ជបណ្ឌិត បាន សុខចំរើន បម្រើការនៅមណ្ឌលសុខភាពឆែប បាននិយាយថា អាការៈសិស្សទាំងនោះ បើមិនបានបញ្ជូនមកទាន់ ពេលវេលាទេ និងអាចប៉ះពាល់ដល់អាយុជីវិត ព្រោះថាសិស្សខ្លះពេលបញ្ជូនមកភ្លាមលោកស្ទាបមើលជីពចរឃើញខ្លះខ្សោយតែបន្ទាប់ពី បានបញ្ចូលសេរ៉ូមឲ្យ ស្ថានភាពជនរងគ្រោះបានវិលត្រឡប់មករកភាពធម្មតាវិញ។
យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត បន្ថែមថាករណីនេះ លោកមិនទាន់ហ៊ានសន្និដ្ឋានថា ផ្លែឪឡឹកនោះមានសារធាតុពុល ឬក៏អ្នកលក់ខ្វះ អនាមយ័នោះទេ? ព្រោះនៅមណ្ឌលសុខភាពរបស់លោក មិនមានអីពិសោធន៍។ លោកក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋដែលរកស៊ីលក់ ដូរចំណីអាហារ ត្រូវប្រកាន់ជាប់នៅអនាម័យ ជៀសវាងកុំឲ្យប៉ះពាល់សុខភាពអ្នកទិញ ហើយចំពោះប្រជាកសិករដែលដាំផ្លែឪឡឹក សូមកុំប្រើជីគីមីច្រើនពេក។
ពាក់ព័ន្ធនឹងបញ្ហានេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានបញ្ជាទៅមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ជួយសង្រ្គោះ ដល់ជនរងគ្រោះ បើមានករណីបន្ទាន់ ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្តភា្លម៕