(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានអះអាងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី កុមារកម្ពុជា ទទួលបានយកការចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជាតាមរយៈគោលនយោបាយយុទ្ធសាស្ដ្រ និងកំណែទម្រង់វិស័យអប់រំ ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
អភិបាលខេត្តរតនគិរីថ្លែងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ០១ មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ ដែលបានរៀបចំឡើងព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ លោក ថង សាវុន បានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានចូលរួមចំណែកដ៏ធំធេង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគ្រប់កំរិត និងសូមឲ្យបន្តការខិតខំប្រឹងប្រែង សហការជាមួយអាណាព្យាបាលសិស្ស អប់រំ លើកកម្ពស់សីលធម៌ ការគោរពច្បាប់ផ្សេងៗ ដើម្បីឲ្យកុមារគ្រប់រូបក្លាយជាធនធានបន្តវេន ប្រកបដោយគុណភាព និងសីលធម៌ ក្នុងការអភិវឌ្ឍប្រទេស។
សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី៦៨ទិវាកុមារអន្តរជាតិ០១ មិថុនា ខួបលើកទី១៦ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៧ នៅខេត្តរតនគិរីនេះ មានការចូលរួមពីមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ប្រមាណជាង ២,០០០នាក់៕