(បាត់ដំបង)៖ បុរសចំណាស់ម្នាក់ ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបគាត់តាំងខ្លួនឯងជាមេភូមិថ្មី ហើយយកតួនាទីក្លែងក្លាយនេះទៅចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានដឹងថាគណបក្សសង្រ្គោះជាតិបានឈ្នះនៅក្នុងឃុំរបស់គាត់នោះ ឥឡូវត្រូវបានតុលាការអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ជាបណ្តោះអាសន្នហើយ។
លោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានប្រាប់អង្គភាព Fresh News តាមទូរស័ព្ទថា ជនដែលតាំងខ្លួនជាមេភូមិឈ្មោះ ទុយ ចាន់ អាយុជាង៦០ឆ្នាំនោះ សមត្ថកិច្ចឃាត់ខ្លួនពីថ្ងៃមុននោះ ត្រូវបានតុលាការដោះលែងឲ្យទៅផ្ទះវិញហើយ រឿងនេះគឺផុតដៃសមត្ថកិច្ចលោកហើយ។
ពាក់ព័ន្ធករណីនេះ លោក ប៉ង់ សុយុទ្ធារា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ថា ការដោះលែងនេះពិតជាមានមែន គ្រាន់តែឲ្យគាត់ទៅផ្ទះបណ្តោះអាសន្នប៉ុណ្ណោះ បើត្រូវហៅគាត់មកសួរនាំនៅថ្ងៃណាមួយនោះ គឺអនុវត្តតាមនីតិវិធីរបស់ស្ថាប័នអយ្យការណ៍ បន្តទៀតពេលក្រោយបាន។
សមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា បុរសចំណាស់ ដែលតាំងខ្លួនជាមេភូមិថ្មីដោយខុសច្បាប់នោះ មានឈ្មោះ ទុយ ចាន់ រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ហើយការចាប់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ លោក រួម នាង ជាមេភូមិអង្លង់ល្វា។
គួររំលឹកថា តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក ទុយ ចាន់ បានតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់រដ្ឋបាល ទៅឲ្យប្រជាពលរដ្ឋដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាព។ សមត្ថកិច្ចបានចាត់ទុកថា ករណីនេះ គឺជាកំហុសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ៕