(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានសហការ ជាមួយមន្រ្តីនាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសារណៈ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យអនុលោមភាព ម្ស៉ៅទឹកដោះគោ ដែលដាក់លក់តាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ស្របទៅតាមអនុក្រឹត្យលេខ១៣៣ដែរ ឬអត់។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា អនុក្រឹត្យ១៣៣នេះ មានគោលបំណង រួមចំណែកក្នុងការផ្ដល់ នូវអាហារូបត្ថម្ភ ឲ្យបានសព្វគ្រប់ និងមានសុវត្ថិភាពដល់ទារក និងកុមារតូចៗ តាមរយៈការគាំពារ និងការលើកកំពស់ ការបំបៅកូនដោយទឹកដោះម្ដាយ និងការជំរុញលើកទឹកចិត្ត ឲ្យមានការផ្ដល់អាហារ បន្ថែមឲ្យបានត្រឹមត្រូវ និងស្របតាមអាយុកំណត់ របស់ទារក និងកុមារ ដើម្បីធានាឲ្យមានការប្រើប្រាស់ សមស្របនូវផលិត ផល ជំនួសទឹកដោះម្ដាយ តែនៅពេលណាដែលចាំបាច់ និងដោយមូលដ្ឋានព័ត៌មានគ្រប់គ្រាន់។
មន្រ្តីកាំកុងត្រូល បានឲ្យដឹងទៀតថា អនុក្រឹត្យនេះ បានកំណត់អំពីការផ្សព្វផ្សាយ លក់ ផលិតផល សម្រាប់ចិញ្ចឹមទារក និងកុមារ ក្នុងនោះមានផលិត ផលដែលផលិតក្នុងប្រទេស និងផលិតផលនាំចូល ពីបរទេសសម្រាប់បម្រើតម្រូវ ការការប្រើប្រាស់ ក្នុងការចិញ្ចឹមទារក រហូតដល់អាយុគ្រប់១២ខែ និងកុមារ តូចៗរហូតដល់អាយុ២៤ខែ។
មន្រ្តីជំនាញកាំកុងត្រូល បានបន្ថែមទៀតថា ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាជម្រើសមួយដ៏ប្រសើបំផុត សម្រាប់ចិញ្ចឹមទារកនិងកុមារប្រកបដោយសុវត្ថិភាព និសុខភាព។ ការបំបៅកូនដោយ ទឹកដោះម្ដាយ ផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ទារក និងកុមារ ក៏ដូចជាស្រ្តីជាម្ដាយ។ ទារកនិងកុមារដែលបានបំបៅ ដោយទឹកដោះម្ដាយ មានការលូតលាស់ផ្នែកសតិបញ្ញា ស្មារតី និងការអភិវឌ្ឍផ្នែក រាងកាយបានល្អ ប្រសើរ។
មន្រ្តីកាំកុងត្រូល បានបញ្ជាក់ថា គ្មានអ្វីប្រសើរជាង ការបំបៅកូនដោយទឹកដោះម្តាយ តែមួយមុខគត់ រហូតបាន៦ខែ និងបន្តការបំបៅទឹកដោះម្តាយ រហូតដល់ពីរឆ្នាំ៕