(ស្វាយរៀង)៖ ក្រុមការងារកងរាជអាវុធហត្ថខេត្តស្វាយរៀងដឹកនាំដោយ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ទទួលការងារ កសាងកម្លាំង និងលោកអនុសេនីយ៍ឯក ម៉ាន់ ដាវីត អ្នកសម្របសម្រួលមូលនិធិកងរាជអាវុធហត្ថ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចទី១២ ខែមិថុនា ឆ្នាំ២០១៧ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន២៧លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនាមមនុស្សធម៌ សាមគ្គីភាព និងក្តីសណ្តោសប្រណី នៃមហាគ្រួសារ កងរាជអាវុធហត្ថ  ទៅជូនគ្រួសារសព លោកនាយចំណង់ រ័ត្ន វណ្ណៈ នាយទាហានរង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាតគីឡូ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងនោះដែរថវិកាចំនួន៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែបរិច្ចាក ចូលរួមរំលែកទុក្ខគ្រួសារសព របស់មន្ត្រីកងរាជអាវុធហត្ថ ទាំងអស់ ដែលបានទទួលមរណភាព ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ពេលបច្ចុប្បន្ន។

លោកវរសេនីយ៍ឯក តូច សាវឿន តំណាងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក៏បានសម្តែង នូវការសោកស្តាយយ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់ លោកនាយចំណង់ រ័ត្ន វណ្ណៈ ពីជួរអង្គភាពកងរាជអាវុធហត្ថ ហើយឥឡូវនេះ លោកនាយចំណង់ រ័ត្ន វណ្ណៈ ក៏បានឃ្លាតឆ្ងាយពីក្រុមគ្រូសារ ឃ្លាតឆ្ងាយពីកូនប្រុស កូនស្រី ទាំងអស់ជារៀងរហូត ហើយមិនអាចត្រឡប់វិញបានឡើយ។

សូមបញ្ជាក់ថា នេះគឺជាសពទី៤ហើយ ដែលមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ បាននាំយកថវិកា សប្បុរសធម៌ទាំងនោះ  ទៅចូលរួមរំលែកទុក្ខគ្រួសារសព៕