(ភ្នំពេញ)៖ មន្ដ្រីនគរបាលឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយកដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេស របស់ក្រសួងមហាផ្ទៃ ដែលបានប្រើសរសេរប្រមាថអាយុជីវិត របស់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសាររបស់សម្តេច នៅលើបណ្ដាញសង្គម Facebook នោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនហើយ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ។
មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា «កម្លាំងនគរបាលសន្ដិសុខ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនមន្ដ្រីនគរបាលរូបនេះហើយនៅព្រឹកមិញ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ផងដែរថា ពិតជាមានការហៅមន្រ្តីនគរបាលរូបនេះ មកសួរនាំមែនចំពោះបញ្ហាខាងលើ ហើយនៅពេលនេះកំពុងសួរនាំនៅកន្លែងសមត្ថកិច្ចជំនាញ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា លោក លាង ឡា ដែលប្រើគណនី Facebook ឈ្មោះ Leala Leang ដែលបានកាត់តរូបសម្តេចតេជោ និងរូបខ្លួនឯងលើ Profile ពាក់ផ្កាយ៥ ហើយថែមទាំងសរសេរថា សហនាយករដ្ឋមន្រ្តីទី១ និងទី២ បានចូលទៅ comment នៅក្នុងផេករបស់សម្ដេចតេជោ ហ៊ុន សែន ដោយប្រើពាក្យប្រមាថធ្ងន់ៗដល់សម្ដេច និងគ្រួសារ ខណៈដែលខ្លួនគឺជាមន្ដ្រីនគរបាលម្នាក់របស់រាជរដ្ឋាភិបាល និងស៊ីប្រាក់ខែរបស់រាជរដ្ឋាភិបាល៕