(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថ១៩៥ នាក់ បានទទួលបានការអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន និងរក្សាទុកចែកចាយ ជួញដូរគ្រឿងញៀន ជាអំពើខុសច្បាប់ ដែលពិធីផ្សព្វផ្សាយនេះ ធ្វើឡើងរយះពេញមួយដោយចែកជា២វេណ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការអាវុធខេត្តកំពង់ស្ពឺ បានថ្លែងក្នុងពិធីបើកការអប់រំដល់មនុស្សគ្រប់រូប មិនគួរជ្រើសរើសយកគ្រឿងញៀន ធ្វើជាត្រីមុខនោះទេ ការប្រើប្រាស់នៅគ្រឿងញៀន នាំមកនូវវិបត្តិធ្ងន់ធ្ងរដល់រាងកាយ ឥទ្ធិពលគ្រឿងញៀនបង្កផលប៉ះពាល់ដល់ខួរក្បាល ហើយប៉ះពាល់ដល់ផ្លូវចិត្តអ្នកប្រើប្រាស់គ្រឿងញៀន តែងតែបង្ហាញឲ្យថា មិនងងុយដេក សតិស្មារតីមិនល្អ កើតសង្ស័យផ្តេសផ្តាស ដូច្នេះក្នុងនាមយើងជាកងកម្លាំងត្រូវចាត់ចែងអប់រំដល់ក្រុមគ្រួសារ សាច់ញាតិកុំឲ្យប៉ះពាល់ ដល់គ្រឿងញៀនឲ្យសោះ។
លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង និងជាគ្រូបង្គោលសម្រាប់អប់រំ ដល់សិក្ខាកាមដែលបានចូលរួមក្នុងវគ្គអប់រំស្តីពីគ្រឿងញៀន ដល់ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវប្រើប្រាស់ដោយបំពានឡើយ ពីព្រោះគ្រឿងញៀន ធ្វើឲ្យយើងកើតនូវជំងឺផ្លូវចិត្ត ជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ និងមួយផ្នែកធំប៉ះពាល់ដល់ការអភិវឌ្ឍន៍រសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។
លោកវរសេនីយ៍ឯក បានបន្តថា ការប្រើប្រាស់គ្រឿងញៀនធ្វើឲ្យស្រុតចុះក្រមសីលធម៌សង្គម បាត់បង់ទំនៀមទំលាប់សេចក្តីថ្លៃថ្នូរសង្គម ហើយធ្វើឲ្យខាតបង់ថវិកាគ្រួសារ ជាពិសេសបាត់បង់ឱកាសការងារទាំងស្រុង។ សរុបមកវិញឃើញថារាជរដ្ឋាភិបាលត្រូវរ៉ាប់រងក្នុងការដោះស្រាយ បញ្ហាជាច្រើន ដែលបណ្តាលមកពីគ្រឿងញៀន ដូចជាអំពើអសីលធម៌នានា បទល្មើសឆក់ប្លន់ អំពើឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ បទឧក្រដ្ឋឆ្លងដែន អំពើពុករលួយរកទីកន្លែងសម្រាប់ព្យាបាលគ្រឿងញៀន គួបផ្សំការបាត់បងកម្លាំងពលកម្ម និងធនធានមនុស្សយ៉ាងធ្ងន់ធ្ងរ៕