(ភ្នំពេញ)៖ លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារខណ្ឌ និងសង្កាត់ ចុះពិនិត្យផ្លូវបេតុង១ ខ្សែមានប្រវែង៦៣០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជាគម្រោងមូលនិធិខណ្ឌសែនសុខ ឆ្នាំ២០១៧ ស្ថិតនៅភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧។
ជាង២០ឆ្នាំមុនអ្នកភូមិវិមានទ្រង់ ដែលរស់នៅផ្លូវនេះ ពិបាកក្នុងការធ្វើដំណើព្រោះតែគ្មានផ្លូវ ហើយកាន់តែលំបាកជាងនេះ គឹនៅពេលរដូវវស្សាមកដល់ ត្រូវទឹកលិច ហើយធ្លាប់មានក្មេងលង់ទឹក និងជំងឺដង្កាត់ថែមទៀត។
ប៉ុន្តែថ្ងៃនេះ ពេលនេះ វាផ្ទុយគ្នាស្រឡះតំបន់នេះ ត្រូវបានអភិវឌ្ឃន៍ យ៉ាងឆាប់រហ័សហេដ្ឋារចនា សម្ព័ន្ធ ប្រឡាយ ផ្លូវដែលមានក្នុងប្លង់អិលម៉ាប ត្រូវបានកសាងស្ថាបនា ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ។
លោក ប៉ិល កុសល បានបញ្ជាក់ថា ការបើកផ្លូវ និងស្ថាបនាជាបេតុងនេះ ធ្វើឡើងបានដោយសារតែការចូលរួមពី ប្រជាពលរដ្ឋនៅភូមិ ទើបដំណើការទៅបានយ៉ាងរលូន ហើយការអភិវឌ្ឍតំបន់នេះ មានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ចេញចូលក្នុងមូលដ្ឋាន កន្លងមកទីនេះបងប្អូនមានការពិបាកខ្លាំងទាំងខែប្រាំង និងខែវស្សា ដោយមើលឃើញទុកលំបាកបងប្អូន ទើបអាជ្ញាធរសម្រេចបើកផ្លូវនេះ។
បន្ថែមពីនេះ លោកអភិបាលខណ្ឌ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន។
តួយ៉ាងផ្លូវខាងលើនេះ ដែលទើបបានបើក និងចាក់ដីបង្ហាប់ និងគ្រោងចាក់បេតុងនាពេលខាងមុខ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ៕