(កំពត)៖ ប្រជាពលរដ្ឋជាម្ចាស់ដីលោក ហេង សូនី ហៅ យ៉ាំង ចំរើន បានអំពាវនាវស្វែងរកយុត្តិធម៌អន្តរាគមន៍ ពីអាជ្ញាធរគ្រប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រមុខ ក្រសួងរៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ក្រោយពីរូបលោក ជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីធ្លីមួយកន្លែង ស្ថិតនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ជាង៦ហិកតា ត្រូវជួបនូវការរំលោភយក ដោយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលើដីនោះ ទាំងភ្នែកស្រស់ៗតែម្តង។
ម្ចាស់ដីរងគ្រោះបានប្រាប់អង្គភាព Fresh News ឲ្យដឹងថា លោក តឹក ង៉ូយ តំណាងឲ្យក្រុមហ៊ុន «កែបរៀលធី អ៊ិនធើណេសិនណល Co,Ltd» កន្លងមក បានចរចាចំនួន៤លើក សុំទិញដីដែលរំលោភ ប្រមាណជាង៦ហិកតាខាងលើនេះ ពីរូបលោកតែមិនត្រូវគ្នា។ លុះដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង០៣រសៀលលោក តឹក ង៉ូយ និងឈ្មោះ ហ៊ុន សុខា មានឈ្មោះដើម ហោ សុខា ហៅមិត្ត ដែលគ្មានដីបន្តិច ឬក៏ពាក់ព័ន្ធលើដីនោះបន្តិចណាសោះ ចេញមុខកាង ក្នុងនោះមានលោកប្រធានភូមិកណ្តាល ឈ្មោះ វង់ ឆេ ម្នាក់ផងបានឃុបឃិតគ្នា ដោយជួលកម្មករប្រមាណ១១នាក់ ក្នុងម្នាក់ថ្លៃឈ្នួល១០ដុល្លារ ឲ្យបាយ៣ពេល បានផ្លោះរបង ធ្វើសកម្មភាពរំលោភទាំងបំពាន យកដីដែលមានកម្មសិទ្ធិស្របច្បាប់ និងអាស្រ័យផលជាក់ស្ដែង របស់លោកដោយបោះបង្គោលនៅក្នុងដីនោះទាំងកំរោល។
ក្នុងនោះលោក តឹក ង៉ូយ និងលោក ហ៊ុន សុខា បានប្រាប់ប្រជាពលរដ្ឋ ដែលមកស៊ីឈ្នួលនោះថា ចូរបងប្អូនកុំខ្លាច ចេះតែបោះបង្គោលឲ្យហើយទៅ ព្រោះអាជ្ញាធរគ្រប់ថ្នាក់ និងតុលាការ សុទ្ធតែគ្នាឯងទេ។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ក្រុមកម្មករស៊ីឈ្នួល បានសង់រួចរាល់នូវរោងផ្ទះមួយខ្នងល្មម នៅក្នុងដីរបស់លោក ហើយដោយឃើញទង្វើរំលោភបំពាននឹងភ្នែកបែបនេះ រូបលោកក៏ទៅដាក់ពាក្យបណ្តឹង នៅសាលាឃុំកោះតូច និងប៉ុស្តិ៍នគរបាលមូលដ្ឋាន នៅទីនោះផងដែរ។
ប៉ុន្តែក្រុមនេះ មិនបានគោរពតាមអាជ្ញាធរឃុំទេ ពួកគេនៅតែប្រព្រឹត្តបន្តធ្វើសកម្មភាព រហូតមកដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដោយកាប់ និងដកបំផ្លាញបង្គោល របងលួសរបស់លោក អស់ប្រមាណ១៣៨បង្គោលទៀតផង។ ដូច្នេះរូបលោក ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត ដើម្បីឲ្យលោកស្នងការ ជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនវិញ។
ជនរងគ្រោះ បានបន្តឲ្យដឹងថា ដីដែល លោក តឹក ង៉ូយ រំលោភយកនោះ មានប្រមាណ៦ហិកតា ចែកចេញជា២ប័ណ្ណកម្មសិទ្ធ ដោយប័ណ្ណលេខB16 0245 ឈ្មោះរបស់លោក យ៉ាំង ចំរើន មានផ្ទៃដី៣ហិកតា និងប័ណ្ណមួយទៀត លេខB16 0244 ជារបស់ឈ្មោះ ឱ ចន្ថា និងប្រពន្ធឈ្មោះ នួន សាមន ដីចំនួន៣ហិកតា ប៉ុន្តែដីនេះ បានផ្ទេរឲ្យមករូបលោក កាត់កងថ្លៃជំពាក់ មានសាលក្រមសម្រេចពីសាលាដំបូងខេត្តកំពតទៀតផង។
ក្រោយពីលោក បានទិញដីពីប្រជាពលរដ្ឋនៅទីនោះក្នុងឆ្នាំ១៩៩៥ ហើយឲ្យឈ្មោះ ស៊ឹម ឡាយ រស់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ មកចាំដី និងបង្កបង្កើនផល ដាំស្វាយចន្ទីនៅលើដីនោះទៀតផង។ លោកបន្តទៀតថា ក្នុងឆ្នាំ២០១២ ដីនៅតំបន់នោះ រួមទាំងដីរបស់រូបលោកផង ត្រូវបានចុះវាស់វែងជាលក្ខណៈប្រព័ន្ធ ដែលមានក្រុមការងារ ចម្រុះវាស់វែង និងក្រុមនិស្សិតស្ម័គ្រចិត្ត របស់សម្តេចតេជោហ៊ុន សែន ក្នុងយុទ្ធនាការវាស់វែង ចេញប័ណ្ណជាលក្ខណៈប្រព័ន្ធ រូបលោកក៏ឲ្យឪពុកម្តាយបង្កើត ឈ្មោះ ហេង សាភិន និងឈ្មោះ គឹម លាង ជាម្តាយ មកធ្វើការបំពេញកលប្បត្តិដែរ តែដល់ពេលវាស់វែងជាក់ស្តែង ក្រុមការងារសុរិយោដី និងក្រុមនិស្សិត ប្រាប់គាត់ថា ដីនេះមានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ រួចហើយ ដូច្នេះពួកគេមិនអាចវាស់ជាន់ប្លង់រឹងបានទៀតទេ។ តាមពិតដីនេះ ត្រូវបានក្រុមហ៊ុន តឹក ង៉ូយ និងអាជ្ញាធរមូលដ្ឋាន មានគំនិតខ្ទាស់ដីនោះទុក ហើយមានបំណងរំលោភយកតែម្តង រហូតមកដល់សព្វថ្ងៃនេះ។
រាល់ការរំលោភបំពានដីខាងលើ Fresh News មិនអាចរកការបំភ្លឺ ពីលោក តឹក ង៉ូយ និង ហ៊ុន សុខា បានទេ។ ដោយឡែក លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានប្រាប់ឲ្យដឹង នៅម៉ោង៩៖៣៧នាទីព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះថា ប្លង់រឹងប្រភេទស្លាបមាន់ នៅតែមានប្រសិទ្ធភាពដដែល តែបើប្លង់ស្លាបមាន់នេះ ប្រើប្រាស់ ក្នុងតំបន់វិនិច្ឆ័យដែលចុះ និងចេញប័ណ្ណកម្មសិទ្ធជាលក្ខណៈប្រព័ន្ធនោះ ម្ចាស់ត្រូវតែមកប្តូរយកប័ណ្ណជាលក្ខណៈប្រព័ន្ធថ្មី តាមរយៈពេលកំណត់របស់ច្បាប់ភូមិបាល បើមិនដូច្នេះទេនោះ ប័ណ្ណស្លាបមាន់ និងត្រូវអស់ប្រសិទ្ធភាព ឬនិរាករណ៍ចោលជាស្វ័យប្រវត្តិហើយ។
ប៉ុន្តែ លោកបានបញ្ជាក់ថា ដីដែលមានទំនាស់គ្នានោះ លោកបានដឹងដែរ ហើយលោកបានផ្តល់យោបល់ឲ្យភាគីទំនាស់ទាំងសងខាង ត្រូវសម្របសម្រួលគ្នាទៅ៕