(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ផ្ទះមនុស្សធម៌ទី១៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខា និងសហការី ប្រគល់ជូនស្រ្ដីវ័យ៦០ឆ្នាំ ឈ្មោះ សោម រ៉ង់ ជាស្ត្រីមេម៉ាយទីទ័លក្រខ្លាំង ត្រូវមើលថែទាំកូនប្រុសពិការគោមខ្នងផង រស់នៅភូមិខ្សាច់ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។
ផ្ទះមនុស្សធម៌នេះមានទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ។
លោកស្រី គួយ ណាលីន ក្នុងនាមលោកបណ្ឌិត ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខា ពិសេសបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់គិតគូចំពោះសុខភាពប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីបន្តថា សូមអ៊ុស្រីសម្អាត ថែរក្សា ផ្ទះថ្មីនេះដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ ត្រូវបន្តមើលថែកូនឲ្យមានសុខភាពល្អ។ ទង្វើទាំងនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
បន្ថែមពីនេះ លោកស្រី ក៏បានផ្ដល់អំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ ទូរទស្សន៍១ សម្ភារៈផ្ទះបាយ និងថវិកាមួយចំនួនផងដែរ។
ជាមួយគ្នានោះ លោក អៀម សូវៀត ជាម្ចាស់ភោជនីយដ្ឋាន កោះកេរ្តិ៍ ក្រុងសៀមរាប បានឧបត្ថម្ភ នូវទូរទស្សន៍ ២១អ៊ិញ ១គ្រឿង ភួយ២ កន្សែងពោះគោ២ផងដែរ។ សម្រាប់លោកតា លោកយាយ និង ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមពិធី ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕