(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបក្រុមក្មេងទំនើង៥នាក់ ដែលបង្កការអុកឡុកសង្គម បណ្ដាលឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរាប់រយ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រុមក្មេងទំនើងដែលបង្ក្រាបបាននៅយប់មិញ កម្លាំងនគរបាលរបស់លោកបានរកឃើញដាវ និងកាំបិតផងដែរ។ ក្មេងទំនើងទាំង៥នាក់រួមមានទី១៖ឈ្មោះ ទៀង រម្យ អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ ធឿត លីម អាយុ២១ឆ្នាំ, ទី៣៖ឈ្មោះ ទៀង ដា អាយុ២០ឆ្នាំ, ទី៤៖ឈ្មោះ សូ ដារ៉ា អាយុ២៣ឆ្នាំ និងទី៥៖ឈ្មោះ ឈឿន ធារ៉ា អាយុ២១ឆ្នាំ។ ក្រោយប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញដកហូតបាន ដាវ០១ដើម, កាំបិតកាប់ស្មៅ០១ដើម និងកាំបិតបុ័ងតោ០១។
បើតាមលោកឧត្តមសេនីយ៍ត្រីស្នងការរង ក្មេងទំនើងទាំង០៥នាក់នេះ មិនទាន់បានធ្វើឲ្យអ្នកណារងរបួសនោះឡើយ គ្រាន់តែបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ និងមានបុរសម្នាក់ឈ្មោះ ផៃ ដា អាយុ៤៨ឆ្នាំ មុខរបរប្រធានសន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ បានអះអាងថា ពួកគេទាំងនេះបានគំរាមកំហែងគាត់ដោយប្រើដាវ និងកាំបិត ដែលសមត្ថកិច្ចដកហូតបាននេះ។
ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕