(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីបំភ្លឺថា គ្មានការកាត់ប្រាក់ឧបត្ថម្ភពី មន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ ដូចការចេញផ្សាយរបស់វិទ្យុអាស៊ីសេរីឡើយ ដោយបញ្ជាក់យ៉ាងច្បាស់ថា «ជារឿងមិនពិត»។
ការបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលត្រូវបានគេដឹងថាជាស្ថាប័នព័ត៌មានគាំទ្របក្សប្រឆាំង ផ្សាយបំភ័ន្តដោយ គ្មានមូលដ្ឋានច្បាស់លាស់នោះ បានចេញផ្សាយថា មានការកាត់ប្រាក់ឧបត្ថម្ភពីមន្រ្តីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ។
តាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ករណីខាងលើនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (PEC) លោក សុខ ឈិន អះអាងថា មិនមានករណីនេះទេ ពោលមិនដូចអ្វីដែលវិទ្យុអាស៊ីសេរី បានផ្សាយនោះឡើយ។ លោក សុខ ឈិន បានបន្តថា ប្រសិនបើ PEC ខេត្តត្បូងឃ្មុំ រកឃើញថា មានការកាត់ប្រាក់ដូចនោះមែន PEC នឹងដាក់វិន័យទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ប។
ស្ថាប័នឯករាជ្យ និងអព្យាក្រឹតមួយនេះ ក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងគ្រប់ស្ថាប័នព័ត៌មានផងដែរ សូមធ្វើការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ គោរពតាមក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត បង្កាច់បង្ខូចកេរ្តិ៍។
មិនមែនតែ គ.ជ.ប ខ្លួនឯងទេ សូម្បីអង្គការជាតិ-អន្តរជាតិ គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋ បានលើកឡើងថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នោះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ថ្វីត្បិតតែមានពាក្យបណ្ដឹងមួយចំនួនក៏ពិតមែន តែគ្រប់មន្រ្តីទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ នៃ គ.ជ.ប បានចាត់ចែងដោះស្រាយបានចប់ជាបណ្ដើរៗហើយ ហើយកំពុងការដោះស្រាយយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ជានិច្ចបន្តទៀត ដើម្បីសម្រេចលទ្ធផលជូនគ្រប់ភាគី និងទទួលយកបានទាំងអស់គ្នា ពោលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅអាណត្តិទី៤ ឆ្នាំ២០១៧នេះ ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិវាយតម្លៃថា រលូនល្អប្រសើរជាងអាណត្តិមុនៗ។
សូមជម្រាបថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រកាសជាផ្លូវការ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ នេះបើតាមការបញ្ជាក់របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប៕