(បាត់ដំបង)៖ បុរសចំណាស់ម្នាក់ ជាសកម្មជនគណបក្សសង្រ្គោះជាតិ នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ទាប់ពីរូបគាត់តាំងខ្លួនឯងជាមេភូមិថ្មី ហើយយកតួនាទីក្លែងក្លាយនេះ ទៅចុះហត្ថលេខាលើឯកសាររបស់ប្រជាពលរដ្ឋ បន្ទាប់ពីបានដឹងថា គណបក្សសង្រ្គោះជាតិ បានឈ្នះនៅក្នុងឃុំរបស់គាត់។
សមត្ថកិច្ចខេត្តបាត់ដំបង បានឱ្យដឹងថា បុរសចំណាស់ ដែលតាំងខ្លួនជាមេភូមិថ្មីដោយខុសច្បាប់នោះ មានឈ្មោះ ទុយ ចាន់ រស់នៅភូមិអង្លង់ល្វា ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ហើយការចាប់ខ្លួននេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ លោក រួម នាង ជាមេភូមិអង្លង់ល្វា។
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ លោក ទុយ ចាន់ បានតាំងខ្លួនឯងជាមេភូមិ ហើយចេញលិខិតបញ្ជាក់ រដ្ឋបាល ទៅឱ្យប្រជាពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់តាមលទ្ធភាព។ សមត្ថកិច្ចបានចាត់ទុកថា ករណីនេះគឺជាកំហុសព្រហ្មទណ្ឌដ៏ធ្ងន់ធ្ងរមួយ។
បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់សារព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ហើយនោះ រយៈពេល៤៥ថ្ងៃក្រោយ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់អាណត្តិថ្មី នៅទូទាំងប្រទេស។
ដោយឡែក នីតិវិធីជ្រើសរើសមេភូមិ នឹងធ្វើឡើងជាបន្តបន្ទាប់ក្រោយពេលរៀបចំ មេឃុំ/ចៅសង្កាត់ថ្មី៕