(សហរដ្ឋអាមេរិក)៖ លោក Christopher Asher Wray ជាអ្នកជំនាញខាងច្បាប់របស់សហរដ្ឋអាមេរិក។ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter ថា លោកនឹងតែងតាំងលោក Wray ធ្វើជាប្រធាន FBI បន្ទាប់ពីមានការបញ្ហាល្អក់កករ ជាមួយអតីតប្រធានភ្នាក់ងារស៊ើបការណ៍ FBI គឺ លោក James Comey។
ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងប្រធានអង្គភាពស៊ើបអង្កេតដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក៖
* ឈ្មោះ៖ លោក Christopher A. Wray
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៦៦ វ័យ៥០ឆ្នាំ នៅទីក្រុង ញ៉ូវយក សហរដ្ឋអាមេរិក
* ភរិយា៖ លោកស្រី Helen Garrison Howell រៀបការឆ្នាំ១៩៨៩
* កូន៖ ពីរនាក់
* ជាជំនួយការអគ្គមេធាវីក្នុងបទព្រហ្មទណ្ឌ៖ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥
* ប្រធាន FBI (កាលបរិច្ឆេទតែងតាំងរង់ចាំ ការបញ្ជាក់ពីសភា)
* ជីវិតពីកុមារភាព៖
កុមារា Christopher Wray កើតនៅទីក្រុង ញ៉ូវយក មានឪពុកឈ្មោះ លោក Cecil Wray Jr ជាដៃគូក្រុមហ៊ុនមេធាវី Debevoise & Plimpton និងម្តាយឈ្មោះលោកស្រី Gilda Gates Wray ជាមន្ត្រីកម្មវិធីសម្រាប់មូលនីធិ Charles Hayden។
Wray បានចូលសិក្សា និងស្នាក់នៅ នៅសាលាឯកជន Phillip Academy នៅរដ្ឋMassachusetts។ ក្នុងឆ្នាំ១៩៨៩ យុវជន Wray បានបញ្ចប់ការ សិក្សាពីសាលា Yale University បន្ទាប់មកបញ្ចប់ថ្នាក់ J.D នៅសាលាដដែលក្នុងឆ្នាំ១៩៩២។ ខណៈដែលសិក្សានៅទីនោះ Wray ធ្វើនិពន្ធនាយក ប្រចាំនៅកាសែត Yale Law Journal។ លោកបានចំណាយពេលមួយឆ្នាំ ក្នុងការធ្វើជាជំនួយការចៅក្រម Michael Lutting ប្រចាំតុលាការអាមេរិក។
* ជីវិតឯកជន៖
លោក Wray បានរៀបការនឹងនាង Hellen Garrison Howell ដែលជាមិត្តរួមថ្នាក់នៅសកលវិទ្យាល័យ Yale កាលពីឆ្នាំ១៩៨៩កន្លងទៅនេះ។ ពួកគេបានកូនពីរនាក់ជាចំណងដៃ និងរស់នៅក្នុងរដ្ឋ Georgia តែម្តង។
* ការងាររដ្ឋាភិបាល៖
លោក Wray បានចូលបម្រើរដ្ឋាភិបាល ក្នុងឆ្នាំ១៩៩៧ ជាជំនួយការមេធាវីសហរដ្ឋអាមេរិក សម្រាប់សង្កាត់ភាគខាងជើងនៃរដ្ឋ Georgia។ ក្នុងឆ្នាំ២០០១ លោកបានផ្លាស់ប្តូរទៅធ្វើការនៅនាយកដ្ឋានយុត្តិធម៌ ក្នុងនាមជាជំនួយការអគ្គរដ្ឋអាជ្ញា និងជាជំនួយការប្រធានអគ្គរដ្ឋអាជ្ញា។
ក្នុងឆ្នាំ២០០៣ ប្រធានាធិបតី George W. Bush បានតែងតាំង លោក Wray ធ្វើជាជំនួយការអគ្គរដ្ឋអាជ្ញាផ្នែកព្រហ្មទណ្ឌ ប្រចាំនាយកដ្ឋានយុត្តិធម៌ ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៥។ ហើយក្នុងឆ្នាំ២០០៥ដដែល អនាគតនាយកFBI រូបនេះ ធ្លាប់ទទួលបាន រង្វាន់ Randolph ជាពានរង្វាន់ដ៏ខ្ពង់ខ្ពស់ ជាងគេប្រចាំនាយកដ្ឋានយុត្តិធម៌។
* ការតែងតាំងជាប្រធាន FBI ៖
កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសតាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter ថា លោកនឹងតែងតាំងលោក Wray ជាប្រធាន FBI បន្តដំណែងពីលោក James Comey ដែលមានបញ្ហាជាមួយលោក Donald Trump កាលពីឆ្នាំមុន៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា