(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងជំនួបវគ្គជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 ។
នេះគឺជាប្រកួតទី៤ របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូថ្មីលោក Leonardo Vitorino ខណៈការដឹកនាំ ៣ប្រកួតកន្លងមក គឺពុំទទួលបានលទ្ធផលគាប់ប្រសើរឡើយ ដោយចាញ់ក្រុមឥណ្ឌា ៣-២ នៃជំនួបមិត្តភាពក្នុងដី មុនបរាជ័យយ៉ាងចាស់ដៃ ៧-០ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះហ្ស៊កដានី ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 និងចុងក្រោយប្រកួតមិត្តភាពចាញ់ក្រុមជម្រើសជាតិឥណ្ឌុនេស៊ី ២-០ កាលពីសប្ដាហ៍មុន ។
បើក្រឡេកទៅមើលលទ្ធផលក្រុមទាំងពីរជួបគ្នាលើកចុងក្រោយ កាលពីខែមិថុនា ឆ្នាំ២០១៥ នៅក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2018 គឺក្រុមគោព្រៃកម្ពុជា បានចាញ់អាហ្វហ្គានីស្ថាន ដោយលទ្ធផល ១-០ តែពេលនោះ ក្រុមជម្រើសជាតិកម្ពុជា ដឹកនាំដោយគ្រូបង្វឹកកូរ៉េខាងត្បូងលោក Lee Tae Hoon ។ ដូច្នេះចាំមើលល្ងាចនេះ តើលោក Leonardo អាចបំបែកកំណត់ត្រាល្អប្រសើរ ជំនួសលោក Lee Tae Hoon បានដែរ ឬក៏យ៉ាងណា?
លោក Leonardo បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា នេះគឺជាការប្រកួតដ៏តានតឹង ព្រោះបានដឹងច្បាស់ ពីកម្រិតសមត្ថភាពកីឡាករអាហ្វហ្គានីស្ថាន ។ តែយ៉ាងណាលោកនៅតែរំពឹងទទួលបានលទ្ធផលល្អពីការប្រកួតដ៏សំខាន់នេះ ប្រសិនកូនក្រុមខ្លួនព្យាយាមលេងអស់ចិត្ត ១០០% ។ ប៉ុន្ដែលោកនៅតែមានការព្រួយបារម្ភ ព្រោះលោកដឹងថា កីឡាករអាហ្វហ្គានីស្ថានមួយចំនួន មិនត្រឹមមានកម្រិតបច្ចេកទេសលេងខ្ពស់នោះទេ គឺថែមទាំងលេងតាមក្លឹបៗ នៅតំបន់អឺរ៉ុបទៀតផង ៕