(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយ សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពីសាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និង នៅក្នុងជំនួបជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុង ប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តើ សម រង្ស៊ី ប្រកាសចូលមកកម្ពុជានៅក្នុងនាមអ្វី?
១៖ ចូលមកកម្ពុជាក្នុងនាមជាអ្នកទោស៖ បច្ចុប្បន្ននេះ សម រង្ស៊ី បានជាប់ជំពាក់នឹងសំណុំរឿងក្តីជាច្រើននៅតុលាការ ហើយសំណុំរឿងខ្លះបានបញ្ចប់ដោយសម រង្ស៊ី ត្រូវបានរកឃើញមានពិរុទ្ធភាពចំពោះទង្វើល្មើសច្បាប់របស់ខ្លួន។ សម រង្ស៊ី បានរត់គេចចេញពីអំណាចសាលក្រមតុលាការ។ ប្រសិនបើ សម រង្ស៊ី វិលត្រឡប់ ចូលមកក្នុងប្រទេសកម្ពុជាវិញ គ្មាននរណាឃាត់ឡើយ ហើយជាមួយគ្នានេះ ពន្ធនាគារនៅរង់ចាំស្វាគមន៍ សម រង្ស៊ី ជានិច្ចពោលគឺ ២៤ ម៉ោងលើ ២៤ ម៉ោង។
ពន្ធនាគារ និងខ្នោះរង់ចាំស្វាគមន៍ សម រង្ស៊ី ព្រោះទោសដែល សម រង្ស៊ី មាននៅពេលនេះ មិនទាន់មានការលើកលែងទោសឡើយ ហើយការលើកលែងទោស ទាល់តែមានព្រះរាជលើកលែងទោសពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលយោងតាមច្បាប់ត្រូវធ្វើឡើងក្រោមការក្រាបបង្គំទូលថ្វាយស្នើសុំពី នាយករដ្ឋមន្ត្រី និងបន្ទាប់ពីការវាយតម្លៃពីក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ។
ប៉ុន្តែនាពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា សម្តេចនឹងមិនស្នើសុំឱ្យលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី ឡើយព្រោះសម្តេចឆ្អែត ហើយជាមួយ សម រង្ស៊ី។ សម្តេចបានជួយ សម រង្ស៊ី ច្រើនណាស់មកហើយ នាពេលកន្លងទៅ ប៉ុន្តែ សម រង្ស៊ី បានតបស្នងមកវិញនូវទោស។ ដូច្នេះបើ សម រង្ស៊ី ចង់វិលចូលមកកម្ពុជាគឺក្នុងនាមជាអ្នកទោស មិនមែនទទួលដោយកម្រាលព្រំក្រហម និងកម្រងផ្កាឡើយ ប៉ុន្តែជាមួយខ្នោះនិងច្រវ៉ាក់ដំរីនៅពន្ធនាគារ។
២៖ កឹម សុខា ក្នុងក្រសែភ្នែក សម រង្ស៊ី គ្មានទម្ងន់ដើម្បីប្រកួតប្រជែង៖ សម រង្ស៊ី បានអះអាងថា មានតែខ្លួនទេដែលជាគូប្រកួតតែមួយគត់ប្រឈមជាមួយ សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះនៅ ក្នុងក្រសែភ្នែករបស់ សម រង្ស៊ី កឹម សុខា មិនមានគីឡូធ្ងន់អាចប្រកួតប្រជែងជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឡើយ។ ដូច្នេះ តើ សម រង្ស៊ី ចង់វិលត្រឡប់មកកម្ពុជាវិញក្នុងនាមជាអ្វី? ជាប្រធានគណ បក្សសង្គ្រោះជាតិឬយ៉ាងណា? ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម រង្ស៊ី ហាក់ដូចជាព្យាយាមបង្ហាញខ្លួន និងធ្វើសកម្មភាពជាប្រធានគណបក្សសង្គ្រោះជាតិពិតប្រាកដ ទោះបីជា សម រង្ស៊ី បានលាលែងពីប្រធានគណបក្ស យ៉ាងណាក្តី។ ចុះ កឹម សុខា ដែលបច្ចុប្បន្នជាមេបក្សសង្គ្រោះជាតិជាអ្វីទៅវិញ? បើ សម រង្ស៊ី ជាអ្នកចាត់ចែងលើការងារបក្ស និងព្យាយាមក្នុងការរក្សាឥទ្ធិពលជា មេបក្ស គឺ កឹម សុខា គ្រាន់តែមានតួនាទីជាប្រធានបក្សទីងមោងតែប៉ុណ្ណោះ។
សំណួរអាចចោទសួរថា តើ កឹម សុខា ដែលទទួលបានពរជ័យពីទេវតាឡើងមក គ្រប់គ្រងបក្សនៅពេលនេះ សុខចិត្តចុះចេញពីប្រធានបក្ស និងលើកតំណែងនេះដាក់លើជើងពានប្រគល់ឱ្យ សម រង្ស៊ីទេ ខណៈខ្លួនបានព្យាយាមតស៊ូជាយូរមកហើយដើម្បីលេបយកបក្សសង្គ្រោះជាតិទាំងមូល ដើម្បីបានតំណែងប្រធានបក្ស ឈរបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ប៉ុន្តែក្តីសុបិន្តនេះ កំពុងត្រូវបានគំរាមកំហែងដោយ សម រង្ស៊ី។
ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជា បើអាចចូលមកបានគឺក្នុងនាមអ្នកទោសដែលត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពចំពោះបទល្មើសដែល ខ្លួនបានប្រព្រឹត្ត។ ម្យ៉ាងទៀត ប្រជារាស្ត្រក៏បានដឹងហើយថា ទោះសម រង្ស៊ី និង កឹម សុខា រួមគ្នា ក៏មិនអាចប្រកួតប្រជែងជាមួយបេក្ខភាពសម្តេចតេជោ ហ៊ុន ឋែន និងគណបក្សប្រជាជនកម្ពុជាបានឡើយ។ លទ្ធផលបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ នេះបានបង្ហាញថា ការបោះឆ្នោតនេះមាន លក្ខណៈដូចគ្នា ទៅនឹងការបោះឆ្នលតជ្រើសតាំងតំណាងរាស្ត្ររួចស្រេចទៅហើយ។
តាមសំឡេងឆ្នោតដែលគណបក្សប្រជាជនម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅឆ្នាំ ២០១៧ នេះ គឺមានចំនួនជាង ៣,៥ លានសំឡេង បានកើនឡើងចំនួន ៣ សែនសំឡេងធៀបនឹងការបោះឆ្នោតឆ្នាំ ២០១៣ និងបើគណនាជាអាសនៈសម្រាប់តំណាងរាស្ត្រក្នុងក្របខណ្ឌថ្មីចំនួនតំណាងរាស្ត្រ ១២៥ រូប គឺគណបក្សប្រជាជន កម្ពុជានឹងទទួលបាន ៧១ អាសនៈ ចំណែក គណបក្សប្រឆាំងបានត្រឹម ៥៤ អាសនៈប៉ុណ្ណោះ។ មូលដ្ឋានដ៏រឹងមាំនេះ នឹងនាំគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការឆ្នោតសកលឆ្នាំ ២០១៨ និងបន្តដឹកនាំស្ថាប័នកំពូលៗរបស់ កម្ពុជាបន្តទៀត និងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាទាំងមូល។
ដោយ៖ ចៅចាក់ស្មុក