(ភ្នំពេញ)៖ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម នឹងបើកសវនាការធ្វើសេចក្តីសន្និដ្ឋាន ផ្ទាល់មាត់ ដើម្បីបិទបញ្ចប់កិច្ចពិភាក្សាដេញដោល លើសំណុំរឿង០០២/០២ ប្រឆាំងនឹងជនជាប់ចោទ ខៀវ សំផន និង នួន ជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះថា សវនាការនេះ មានរយៈពេល៨ថ្ងៃ ហើយបន្ទាប់ពីបញ្ចប់សវនាការនេះ នឹងចំណាយពេលវេលាពិនិត្យលើសំណុំរឿងដែលបានជំនុំជម្រះ ហើអង្គជំនុំជម្រះសាលាដំបូងនឹងចេញសាលក្រមលើសំណុំរឿង ០០២/០២ នៅក្នុងពេលវេលា សមស្របនាពេលខាងមុខ។
លោក នេត្រ ភក្ត្រា បានឲ្យដឹងថា សវនាការនេះ នឹងផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធនានា លើកឡើងអំពីទឡ្ហីករណ៍ផ្ទាល់មាត់ ជុំវិញសំណុំរឿងនេះ ដោយចាប់ផ្តើមដំបូង ដោយសហមេធាវីនាំមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណីមានរយៈពេល១ថ្ងៃ សហព្រះរាជអាជ្ញាមានរយៈពេល២ថ្ងៃ ក្រុមមេធាវីការពារក្តីមានរយៈពេល៣-៥ថ្ងៃ។
អង្គជំនុំជម្រះសាលាដំបូង នឹងទុកពេលវេលា១ថ្ងៃសម្រាប់ការធ្វើសេចក្តីសន្និដ្ឋាន តបរបស់ភាគីពាក់ព័ន្ធនានា ហើយរយៈពេលមួយព្រឹក សម្រាប់ការធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ របស់ជនជាប់ចោទ ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមសារណាបញ្ចប់កិច្ចពិភាក្សាដេញដោល លើអង្គហេតុនៅក្នុងសំណុំរឿង ០០២/០២ ដែលបានដាក់ជូនអង្គជំនុំជម្រះសាលាដំបូងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ សហព្រះរាជអាជ្ញាជាតិ លោកស្រី ជា លាង និងសហព្រះអាជ្ញាអន្តរជាតិលោក នីកូឡា គុំជាន បានលើកឡើងថា ដោយសារតែពិចារណាឃើញ អំពីភាពធ្ងន់ធ្ងរ នៃអំពើឧក្រិដ្ឋកម្មដែលបានបង្កនូវភាពរងទុក្ខវេទនា ខ្លោចផ្សារសម្រាប់ប្រជាជាតិទាំងមូល បង្កឲ្យមានការ ស្លាប់ជីវិតមនុស្សជាច្រើនលាននាក់ គឺព្រះរាជអាជ្ញា សូមស្នើឲ្យផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះជនជាប់ចោទ នួន ជា និង ខៀវ សំផន។
នេះគឺជាការស្នើសុំឲ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតជាលើកទី២ បន្ទាប់ពី នួន ជា និងខៀវ សំផន ត្រូវបានរកឃើញថាមានពិរុទ្ធភាព នៅក្នុងសំណុំរឿង ០០២/០១ លើឧក្រិដ្ឋកម្ម ប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនដោយបង្ខំ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូល សម្រេចតម្កល់សាលក្រមអង្គជំនុំជម្រះ សាលាដំបូងផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
ដោយឡែកសម្រាប់ក្រុមមេធាវីនាំមុខ តំណាងដើមបណ្តឹងរដ្ឋប្បវេណី បានលើកឡើង នៅក្នុងសារណារបស់ខ្លួនថា គាំទ្រចំពោះអ្វីដែលសហព្រះរាជអាជ្ញាលើកឡើង និងស្នើឲ្យអង្គជំនុំជម្រះពិនិត្យលើអង្គច្បាប់ ចំពោះអ្វីដែលសហព្រះរាជអាជ្ញាបានលើកឡើង។ ជាមួយគ្នានេះ សហមេធាវីនាំមុខតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានស្នើសុំឲ្យទទួលស្គាល់នូវការបង្ហាញភស្តុតាង របស់ដើមបណ្តឹងរដ្ឋប្បវេណីព្រមទាំងការរងទុក្ខវេទនា របស់ជនរងគ្រោះ និងសម្រេចផ្តល់សំណង ក្នុងករណីជនជាប់ចោទរកឃើញថា មានពិរុទ្ធភាពចំពោះឧក្រិដ្ឋកម្មដែលចោទប្រកាន់។
រីឯក្រុមមេធាវីការពារក្តី នួន ជា និងខៀវ សំផន តាមឯកសារដែលបានលេចធ្លាយកន្លងមក បានលើកឡើងថា កូនក្តីរបស់ខ្លួនមិនមែន ជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្ម ដែលកើតឡើងឡើយ និងបានស្តីបន្ទោសទៅលើវៀតណាម ដែលធ្វើឲ្យការកសាងប្រទេសមួយរបស់ខ្មែរក្រហម ឲ្យទៅជារដ្ឋមួយឯករាជ្យ និងវិបុលសុខត្រូវបានបរាជ័យ។ ដូចទៅនឹងក្រុមមេធាវី នួន ជា ដែរ, ក្រុមមេធាវីខៀវ សំផន បានថ្លែងថា កូនក្តីរបស់ខ្លួនគួររកឃើញថា មិនមានកំហុសចំពោះបទឧក្រិដ្ឋកម្មដែលបានចោទ ប្រកាន់ដោយស្នើឲ្យ អង្គជំនុំជម្រះសាលាដំបូង ទម្លាក់ការចោទប្រកាន់ប្រឆាំងកូនក្តីខ្លួន៕