(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងរិះគន់ថា ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន កំពុងបំភាន់ដល់សាធារណជន និងមានភាពលម្អៀងផ្នែកនយោយបាយ ដោយព្យាយាមទាញទម្លាក់ប្រជាប្រិយភាព គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យមើលទៅ ប្រហាក់ប្រហែលនឹងប្រជាប្រិយភាពគណបក្សប្រឆាំង។

លោក សុខ ឥសាន បានថ្លែងថា «អង្គការសង្គមស៊ីវិលនៅកម្ពុជា អ្នកណាក៏ដឹងដែរថា បានស៊ីលុយជំនួយពីបរទេស។ ដូច្នេះវាមិនចម្លែកទេ ដែលអង្គការទាំងនោះ ត្រូវធ្វើការបម្រើម្ចាស់ជំនួយ។ បើពុំដូច្នោះទេ នឹងត្រូវដាច់អាជីពជាមិនខាន ។ ដូច្នេះហើយ ទោះបីមើលឃើញការពិតជាក់ស្តែងយ៉ាងណាក៏ដោយ បើមិនត្រូវចិត្តចៅហ្វាយនាយ ចាំបាច់ត្រូវរេទៅតាមចិត្តចង់បាន របស់ចៅហ្វាយនោះ ទោះបីដឹងថារំលោភលើការពិត និងសច្ចធម៌ យ៉ាងណាក៏ដោយចុះ»

លោក សុខ ឥសាន បានបន្ថែមថា «ហេតុនេះចង់មិនចង់ អង្គការសង្គមស៊ីវិលមួយចំនួន បានខិតខំនិយាយឬវាយតម្លៃការបោះឆ្នោតឲ្យឃើញថា គណបក្សកាន់អំណាច និង គណបក្សប្រឆាំង មានកម្លាំងប្រហាក់ប្រហែលគ្នា ដោយគេហ៊ានទាញទម្លាក់តួលេខអត្រាគាំទ្រគណបក្សប្រជាជនកម្ពុជាពី ៥១ភាគរយ មកនៅត្រឹម ៤៨ភាគរយ ដោយគេនាំគ្នារំលេចអត្រាគាំទ្របក្សប្រឆាំង៤៥ ភាគរយ មានគម្លាតគៀកគ្នានឹង គណបក្សប្រជាជនកម្ពុជា បំភាន់មតិប្រជាជន ឲ្យមើលឃើញថា កម្លាំងបក្សប្រឆាំងឡើងខ្លាំងប្រហាក់ប្រហែល បក្សកាន់អំណាច»

ការលើកឡើងរបស់ អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមាន អង្គការសង្គមស៊ីវិលមួយចំនួន ដែលចូលរួមវាយតម្លៃលើស្ថានការណ៍ និងដំណើរការរាប់សន្លឹកឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ បានអះអាងថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៤៨ភាគរយ ហើយគណបក្សសង្គ្រោះជាតិ ៤៥ភាគរយនៃសំឡេងឆ្នោតសរុបរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការបោះឆ្នោតឆ្នាំ២០១៧នេះ។

ប៉ុន្តែទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជា ដែលឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤នេះ បានអះអាងថា ការបោះឆ្នោតឃុំ/សង្កាត់អាណត្តិលើកនេះ ខ្លួនទទួលបានឃុំ/សង្កាត់ រហូតដល់ ៧០% ក្នុងចំណោមឃុំ/សង្កាត់ទាំងអស់ចំនួន ១៦៤៦ នៅទូទាំងប្រទេស។ បើគិតជាចំនួនសំឡេងឆ្នោត សរុបទូទាំងប្រទេសវិញ គណប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតប្រមាណជាង ៣,៥០០,០០០សម្លេង ស្មើនឹងប្រមាណ ៥១% នៃសន្លឹកឆ្នោតបានការសរុប៕