(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីក្រុងសៀមរាប បានជួបជាមួយប្រតិភូរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនា សហប្រតិបត្តិការ អាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ ស្តីពី ទេសចរណ៍ប្រកប ដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ ដឹកនាំ ដោយលោក ចន អាម៉ារ៉ាទុងហ្គា (John Ameratunga) រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កា។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹង នៅក្រោយជំនួបថា លោក ចន អាម៉ារ៉ាទុងហ្គា បានអបអរសាទរ ជូនសម្តេចតេជោ ចំពោះលទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កន្លងមកនេះ និង បានសម្តែងការអបអរសាទរផងដែរ ចំពោះសន្និសីទនាទីក្រុងសៀមរាបនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នាពេលនេះកម្ពុជា មានភ្ញៀវទេសចរ ប្រមាណ៥លាននាក់ មកធ្វើ ទស្សនកិច្ច ហើយនេះគឺបានឆ្លុះបញ្ចាំង ពីការដឹកនាំ និងនយោបាយដ៏ត្រឹមត្រូវ នៃនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ បានស្វាគមន៍ប្រតិភូទាំងអស់ ហើយក៏បានមានប្រសាសន៍ថា ជាកិត្តិយសណាស់ ដែលកម្ពុជាបាន រៀបចំជាម្ចាស់ផ្ទះនៃសន្និសីទនេះ។ សម្តេចបានមានប្រសាសន៍បន្តថា ទីក្រុងសៀមរាប កាលពីឆ្នាំ១៩៧៩ គឺពុំមាន មនុស្សរស់នៅទេ ហើយរហូតមកដល់ឆ្នាំ១៩៩៣ ទីក្រុងនេះក៏នៅតែមានការប្រឈមការមានជម្លោះជាមួយខ្មែរក្រហមនៅឡើយ។
សម្តេចបន្តថា ទីក្រុងនេះបានចាប់ផ្តើម ពីសណ្ឋាគារចាស់ៗចំនួន២ ហើយរហូតដល់ពេលនេះ នៅទីនេះមាន សណ្ឋាគារ រហូតដល់១៥០កន្លែងនេះគឺមិនរាប់ បញ្ចូលនូវផ្ទះសំណាក់នោះទេ។ រីឯទេសចរណ៍វិញ ពីបានចាប់ផ្តើម ពីសូន្យ រហូតដល់ពេលនេះ គឺមាន៥លាននាក់ ដែលការសំខាន់នាំមកនូវជោគជ័យនេះគឺទី១ សន្តិភាព សន្តិសុខ រួមជាមួយនឹង នយោបាយ បើកចំហរជើងមេឃ របស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចបានបន្តថា ឥឡូវនេះកម្ពុជាកំពុងតែ ជំរុញការអនុវត្តនូវការនាំចេញ នូវនឹងកន្លែងនោះគឺការនាំចេញផលិតផល កសិផលកម្ពុជា មកកាន់សណ្ឋាគារដើម្បី បម្រើឲ្យវិស័យទេសចរណ៍ ហើយការជំរុញ ការនាំចេញនូវនឹងកន្លែងនេះ គឺ មានអត្ថប្រយោជន៍សំខាន់ ក្នុងការនាំមកនូវសុវត្ថិភាពម្ហូបអាហារ ដល់ភ្ញៀវទេសចរយើង ដែលជំរុញឲ្យមាន កំណើន ទេសចរណ៍ មកកាន់កម្ពុជាផង ក៏ដូចជាជំរុញកសិផលដល់កម្ពុជា ដើម្បីជាចលនា ជួយជំរុញវិស័យ កសិកម្ម កម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនទៀត៕